ឆ្នាំ២០២២នឹងមានសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុក្នុងប្រទេសកម្ពុជា ប៉ុន្តែវានឹងមានការកើនឡើងដោយសារលំហូរនៃប្រាក់ចំណូលក្នុងស្រុក និងការវិនិយោគមកកម្ពុជា នេះបើតាមរបាយការណ៍ថ្មីៗស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច នៃវិស័យធនាគារនៅឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ។
តាមរយៈរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោករំពឹងថានឹងមានការកើនឡើងក្នុងអត្រាផ្សេងគ្នា អាស្រ័យលើប្រសិទ្ធភាពនៃការបង្ការជំងឺរាតត្បាតកូវីដ១៩ និងវិធានការគាំទ្ររបស់រដ្ឋាភិបាល ។ វីរុស Omicron ថ្មីនៅតែបន្តជាបញ្ហាប្រឈមដ៏ធំមួយដែលវាអាចនឹងបង្កជាហានិភ័យសម្រាប់នយោបាយ, ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ។
ប៉ុន្តែក្នុងនោះផងដែររបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានឱ្យដឹងផងដែរថា ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញសម្លៀកបំពាក់ និងការនាំចេញផ្សេងៗទៀតរបស់កម្ពុជា ជាពិសេសការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ ដែលនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ។
យោងតាមធនាគារជាតិ វិស័យកសិកម្មដែលស្រូបយកជិតមួយភាគបីនៃកម្លាំងពលកម្មសរុប ត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើនជាងឆ្នាំចាស់ (២០២១) ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងធ្វើឱ្យកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង កាន់តែពង្រឹងបាននូវសក្តានុពលចំពោះវិស័យកសិកម្ម ជាពិសេសកសិ-កែច្នៃ និងកសិ-ឧស្សាហកម្ម ។
លើសពីនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី, នូវែលសេឡង់, ចិន, កូរ៉េខាងត្បូង និងជប៉ុន) បានចូលជាធរមាននៅដើមឆ្នាំនេះ ហើយនឹងផ្តល់ឱកាសសម្រាប់ពាណិជ្ជកម្មលើសេវាកម្ម និងទំនិញ, ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក ។
ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងការលក់ដុំ ការលក់រាយ ទូរគមនាគមន៍ និងការដឹកជញ្ជូន និងទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងកើនឡើងជាលំដាប់ ខណៈដែលទេសចរណ៍អន្តរជាតិអាចកើនឡើងជាលំដាប់ ហើយត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីឱ្យវិស័យនេះរីកចម្រើនដូចមុនពេលជួបវិបត្តិកូវីដ១៩ ៕
Comments