+85561 777 090
Logo
ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ
Updated on: June 6, 2022, 5:01 p.m.
Published on: October 14, 2019, 11:32 a.m.

ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ


ធនាគារពិភពលោកបានឱ្យដឹងថាវិស័យសំណង់នៅកម្ពុជានៅតែបន្តកើនឡើងខ្លាំង​ដោយសារ​តែមានកំ​ណើន​ខ្ពស់​​នៃទុន​​វិនិយោគដែល​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋា​ភិ​បាល រួម​ផ្សំ​នឹង​កំ​ណើន​ការ​​នាំចូលសម្ភារៈសំណង់យ៉ាងច្រើនចូលមកក្នុងប្រទេស។

របាយ​ការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹង កើនឡើង ៧ ភាគរយនៅ​ឆ្នាំ​នេះ ដែលបានរួមចំណែកដល់កំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាការនាំចូលដែកថែបសរុបបានកើនឡើង ៦៣,៥ ភាគរយក្នុងរយៈពេល ៩ ខែដំ​បូង​​ឆ្នាំនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាបង្ហាញពីកំណើនខ្លាំង ដោយ​កាល​ពី​ឆ្នាំ ២០១៨ ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ដ៏​សំ​ខាន់​ក្នុង​វិ​ស័យ​សំណង់​នេះសម្រេច​បាន​ត្រឹម​តែ​ ២៧,៧ ភាគរយប៉ុណ្ណោះ​ធាប​នឹង​​ឆ្នាំ ២០១៧។

លោក​បន្ត​ថា​៖​«​ដែកថែបគឺជាវត្ថុធាតុដើមសំខាន់នៅក្នុងវិស័យសំណង់ហើយយើងមិនផលិតដែកថែបនៅក្នុងស្រុកទេ។ ប្រសិនបើយើងឃើញការនាំចូលដែកកើនឡើងយ៉ាងខ្លាំងវាអាចឆ្លុះបញ្ចាំងពីរបៀបដែលវិស័យសំណង់ដំណើរការ»។

ការវិនិយោគវិស័យសំណង់បន្តកើនឡើង

ការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៩ គឺ​កើន​ឡើង​រហូត​ដល់​ ៥៧,៥ ភាគរយ​ឯណោះ​ពីចំនួន​​ត្រឹមតែ ២,១ ពាន់លានដុល្លារ នៅ​​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។​ នេះបើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal មានប្រសាសន៍ថាតម្លៃនៃការវិនិយោគក្នុងវិស័យសំណង់បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សចុងក្រោយនេះដោយសារតែការកើនឡើងនៃតម្រូវការលំនៅដ្ឋានក្នុងចំណោមអ្នកទិញក្នុងស្រុកដែល​ទើបនឹងរៀប​​អាពាហ៍ពិពាហ៍ និងប្រជាជនវណ្ណៈកណ្តាល។

លោកក៏បានបន្ថែមទៀតថាតម្រូវការអគារ​ការិយាល័យការិយាល័យ សេវាកម្មផ្ទះល្វែង អាផាតមិន និងអគារពាណិជ្ជកម្មកាន់តែច្រើនឡើងៗបានរួមចំណែកដល់តម្រូវការកើនឡើងនៃសម្ភារៈសំណង់។

លោកបានមានប្រសាសន៍ថា៖​«​​ការកើនឡើងនៃការនាំចូលដែកថែប និងសម្ភារៈសំណង់បង្ហាញពីការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនៃ​​កំណើននៃវិស័យសំណង់កម្ពុជា​»​​។

លោក ឈាង ស៊ុយ​ហ៊ាង​ តំណាងម្ចាស់ឡឥដ្ឋជាង ១០០ នាក់នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថាតម្រូវការឥដ្ឋនៅតែខ្ពស់ ដោយ​មាន​​ការបញ្ជាទិញភាគច្រើនមកពីខេត្តព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ដែលសុទ្ធ​សឹង​ជា​ទិស​ដៅ ដែល​មាន​វិស័យនេះកំពុងមានការរីកចម្រើន។

បើ​ទោះ​បី​ជា​វិ​ស័យ​នេះ​មិនទាន់​មានសញ្ញានៃការធ្លាក់ចុះនាពេលឆាប់ៗនេះក៏​ដោយ លោក លី សុដេត ​ពីធនាគារពិភពលោករំឭក​​ថាគួរ​​មានយុទ្ធសាស្ត្រមួយចំនួននៅក្នុងដៃដើម្បីការពារហានិភ័យណាមួយពី​ការ​រង​គ្រោះ​ពី​វិ​ស័យ​នេះ។​

លោក​ថ្លែង​ថា​៖​«​​វិស័យសំណង់តែងតែមានវដ្តនៃការរីកដុះដាល។ យើងមិនរំពឹងថាកំណើនសំណង់នឹងបន្តជារៀងរហូតនោះទេ»៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ

 

Comments