យោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ក្នុងគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលបំផុតក្នុងតំបន់ ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិន និងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។
ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត ។
ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។
គួររំលឹកថា កន្លងមកក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ Angkor International Airport Investment (Cambodia) បានបង្ហាញពីការត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ ៕
Comments