រយៈពេលប្រមាណ២ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩កន្លងទៅ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់នូវផលវិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះមកលើស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែគម្រោងសាងសង់ជាច្រើនដែលត្រូវបានអនុម័តនោះអាចនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ក្រោយពីប្រទេសកម្ពុជាបានធូរស្រាលបន្តិចម្តងៗពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ។
តួយ៉ាងយោងតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញកាលពីពេលថ្មីៗនេះបានបង្ហាញថា គម្រោងសាងសង់សរុបចំនួន៣៩២៥ត្រូវបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២១ ក្នុងនោះគម្រោងសាងសង់ដែលបានចុះបញ្ជីមានចំនួន១០,៣៥ពាន់លានដុល្លារ ។
ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន៣៩២៥ដែលបានចុះបញ្ជី ដែលមានចំនួន១០,៣៥ពាន់លានដុល្លារ មានចំនួន៨៦%ជាគម្រោងសាងសង់ប្រភេទលំនៅឋាន ។
គម្រោងសាងសង់ទាំងនោះប្រើប្រាស់ផ្ទៃដីប្រមាណ 12 លានម៉ែត្រការ៉េដែលរួមមាន គម្រោងលំនៅដ្ឋាន, គម្រោងអគារលំនៅដ្ឋានរួមបញ្ចូលគ្នា, គម្រោងអគាររួមបញ្ចូលគ្នាពហុមុខងារ, គម្រោងអគារឧស្សាហកម្ម, គម្រោងអគារពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។
ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេសពេញលេញឡើងវិញ និងការប្រកាសបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការងើបឡើងវិញចំពោះវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ ៕
Comments