រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ មិនខ្លាចនឿយហត់ មិនខ្លាចឆ្លងជំងឺ ក្នុងបេសកម្មប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩នាពេលកន្លងមកក្នុងប្រទេសកម្ពុជា ។ ពិធីជួបសំណេះសំណាលនេះបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វា ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖«កម្ពុជាមិនលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកហោះចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ» ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ៖«ការលើកលែងធ្វើចត្តាឡីស័កសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងពីក្រៅប្រទេស ប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សមិនបានចាក់វ៉ាក់សាំង ។ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនគួរផ្តល់ទិដ្ឋាការឱ្យចេញក្រៅប្រទេសនោះទេ» ។
ក្នុងនោះផងដែរ ស្របពេលស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានសភាពថមថយទៅហើយក្តី ប៉ុន្តែនៅមិនទាន់បាត់រលត់ទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល «៣កុំ ៣ការពារ» បើទោះបីជាកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែងយ៉ាងណាក៏ដោយ ៕
Comments