សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា កម្ពុជារំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរចិនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំតាមរយៈការបង្កើនជើងហោះហើរកម្ពុជា-ចិន ៣០០ជើងក្នុងមួយសប្តាហ៍ ។ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ៖«ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។
សម្តេចតេជោថ្លែងបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង២លាននាក់ក្នុងមួយឆ្នាំ ហើយយើងរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អពីព្រោះប្រទេសថៃគេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។
សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និងមករវាងប្រទេសកម្ពុជា និងប្រទេសចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ តទៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយការចាប់ផ្ដើមជើងហោះហើរ៣ដងក្នុង១សប្ដាហ៍ ៕
Comments