+85561 777 090
Logo
កម្ពុជា​-​ថៃ​សហការ​រក​វិធីសាស្ត្រ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន
Updated on: May 31, 2022, 4:32 a.m.
Published on: April 22, 2022, 8:04 a.m.

កម្ពុជា​-​ថៃ​សហការ​រក​វិធីសាស្ត្រ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន


កម្ពុជា​-​ថៃ​កំពុង​ពិភាក្សា​លើ​គម្រោង​ជំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន​ដើម្បី​បង្ក​ភាព​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​រវាង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Saksayam Chidchob រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ។

កិច្ចប្រជុំ​រវាង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល និង​ឯកឧត្តម Saksayam Chidchob ធ្វើ​ឡើង​គឺ​ដើម្បី​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ។ ថ្លែង​ទៅ​កាន់​ភាគី​ថៃ​នា​ឱកាស​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ថា ៖ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​រវាង​ប្រទេស​ទាំង​ពីរ​មិន​គ្រាន់តែ​បង្កើន​ទំហំ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កត្តា​គន្លឹះ​ជួយ​ជំរុញ​ដល់​កំណើន​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភាគី​ថៃ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​កែ​លម្អ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ដោយ​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​ដំណើរការ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព (Feasibility Study) លើ​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ល្បឿន​លឿន​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​រក​វិធីសាស្ត្រ​ជំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន (Cross Border Facilities) នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​ដាក់​ឱ្យ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​នេះ​ឱ្យ​បាន​ឆាប់​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​សម្រាល​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​អារញ្ញ​ប្រា​ថេ​ត ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្នុង​គោលបំណង​បង្កើន​កា​រត​ភ្ជាប់ បង្កើន​ទំហំ​ពាណិជ្ជកម្ម ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ភាគី​ថៃ​បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​បង្កើត​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន និង​មាន​បំណង​គាំទ្រ​ការ​បណ្តុះបណ្តាល​ទៅ​តាម​សំណើ​របស់​វិទ្យាស្ថាន​ផង​ដែរ ៕

Comments