+85561 777 090
Logo
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
Updated on: June 6, 2022, 5:02 p.m.
Published on: January 18, 2019, 3:59 p.m.

អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា


អគ្គីភ័យតែងតែបានកើតមានឡើងជាទូទៅនៅទូទាំងប្រទេសកម្ពុជា តែសម្រាប់អគារខ្ពស់ៗគេកម្រនឹងឃើញមានអគ្គីភ័យកើតឡើងណាស់។ ទោះយ៉ាងណាកាលពីដើមខែនេះមានការផ្ទុះឆេះ អគារកាស៊ីណូ មួយកម្ពស់១៨ជាន់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មួយភាគធំនៃអាគារត្រូវបានបំផ្លាញ តែសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ។

លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sokha Residences Group បានលើកឡើងថា  “ម្ចាស់អគារភាគច្រើនមិនទាន់បានយកចិត្តទុកដាក់ចំពោះការការពារអគ្គីភ័យឲ្យបានខ្ពស់នៅឡើយនៅពេលសាងសង់អគារខ្ពស់ៗ។”​

លោក គន្ធា ក៏មានគម្រោងខុនដូមួយនៅក្នុងក្រុងប៉ោយប៉ែតផងដែរ ហើយលោកអះអាងថាអគ្គីភ័យនាពេលថ្មីៗនេះគឺដោយសារតែបច្ចេកទេសនៃការសាងសង់ និងបញ្ហានៃការគ្រប់គ្រង នៅក្នុងអគារ។

លោកបាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះអគ្គីភ័យនៅប៉ោយប៉ែតនេះ ដោយសារវាអាចកើតឡើងគ្រប់ពេលនៅពេលមិនមានការគ្រប់គ្រងមួយត្រឹមត្រូវ។”  ចំពោះបញ្ហានេះលោកបានបន្ថែមថាម្ចាស់អគារត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

 

សម្រាប់ការការពារអគារខុនដូកម្ពស់២១ជាន់របស់លោក គឺពួកយើងបានទិញសេវាកម្មធានារ៉ាប់រងលើការបាក់ស្រុតអគារ និងការធានារ៉ាប់រងគ្រោះអគ្គីភ័យ។​ នេះជាការបញ្ជាក់របស់លោក គន្ធា។

“​ពាក់ព័ន្ធនឹងសុវត្ថិភាពនៃផ្ទៃខាងក្នុងអគារវិញ អគារទាំងមូលបានបំពាក់ដោយប្រព័ន្ធការពារ អគ្គីភ័យលំដាប់ខ្ពស់ស្របតាមស្តង់ដាររបស់សិង្ហបុរី។”​

អ្នកនាង Kuang Catherine អ្នកតំណាងរបស់ក្រុមហ៊ុន R & F Properties បាននិយាយថា អគ្គីភ័យ គឺបណ្តាលមកពីកត្តាមនុស្ស ឬគ្រោះធម្មជាតិ។

អ្នកនាង Catherine បានបន្ថែមថា «ខ្ញុំជឿថាអគ្គីភ័យភាគច្រើនកើតឡើងដោយសារតែកត្តាមនុស្ស»។ អ្នកនាងចង់សំដៅដល់សកម្មភាពបង្កដូចជាការជក់បារី ការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ឬការគ្រប់គ្រងសុវត្ថិភាពអគារមិនបានត្រឹមត្រូវ។

អ្នកនាងបាននិយាយថា “គម្រោងរបស់ក្រុមហ៊ុន​ R & F Properties ត្រូវបានសាងសង់ឡើងស្របតាម គុណភាពសំណង់របស់ប្រទេសចិន ហើយត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារអគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះ និងកាត់បន្ថយគ្រោះថ្នាក់ចៃដន្យផ្សេងៗ។” អ្នកនាងបានពន្យល់ថាអគារខ្ពស់ៗមានខ្សែភ្លើង និងឧបករណ៍នានាច្រើនជាងអគារធម្មតា។ ដូច្នេះ គេត្រូវបង្កើនសុវត្ថិភាព ឲ្យបានខ្ពស់សម្រាប់សំណង់អគារប្រភេទនេះ។

អ្នកនាង Catherine បានអះអាងថាជំហានដំបូងក្នុងការបង្កើនសុវត្ថិភាពអគ្គីភ័យគឺត្រូវទាមទារការ លើកកម្ពស់ការយល់ដឹងពីមូលហេតុ និងការការពារគ្រោះអគ្គីភ័យ។ ក្រៅពីនេះឧបករណ៍ការពារ ភ្លើងឆេះដូចជា៖ បំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធបាញ់ទឹកត្រូវតែថែរក្សាឲ្យបានត្រឹមត្រូវ។

ក្រៅពីបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធទឹកពន្លត់អគ្គីភ័យ អគារថ្មីៗជាច្រើនបានបំពាក់ប្រព័ន្ធសំឡេងរោទិ៍អគ្គីភ័យ។ ប្រព័ន្ធការពារទាំងបីនេះគឺជាផ្នែកមួយដ៏សំខាន់នៃស្តង់ដារសុវត្ថិភាពនៅទូទាំងពិភពលោក។

លោក នង ​សាម៉ឺឌី​ ជាស្ថាបត្យករនៃក្រុមហ៊ុន Aerne Architect & Associates បានជំរុញឲ្យធ្វើការយកចិត្តទុកដាក់ខ្លាំងក្នុងពេលដំណាក់កាលនៃការតម្លើងខ្សែភ្លើងនៅក្នុងអគារ។

លោក សាម៉ឺឌី ក៏បានជំរុញឱ្យប្រើប្រាស់សម្ភារៈសំណង់ ដែលធន់ទ្រាំនឹងកម្ដៅបានល្អ និងមិនត្រូវអនុញ្ញាតអោយនាំចូលសារធាតុដែលងាយឆាបឆេះចូលទៅខាងក្នុងអគារ។ លើសពីនេះទៀត លោកបានណែនាំថា អគារខ្ពស់គួរតែមានប្រព័ន្ធបំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹក និងទុយោបាញ់ទឹកនៅតាមចំណុចសំខាន់នៃអគារ។ ត្រូវដំឡើងឧបករណ៏ផ្តាច់ចរន្តអគ្គីសនីដើម្បីការពារ នៅពេលមានភ្លើងឆេះ ហើយនៅក្នុងអគារគប្បីមានជណ្តើរអគ្គីភ័យតភ្ជាប់ជាមួយនឹងទ្វារពិសេសការពារផ្សែង និងធន់កំដៅបានយូរដើម្បីឲ្យមនុស្សអាចរត់គេចបាន។ ។

លោកបាននិយាយថា “អគារត្រូវសាងសង់ដោយប្រើប្រាស់សម្ភារៈ ដែលមានលក្ខណៈសមស្របចំណែកការតភ្ជាប់បណ្តាញអគ្គិសនីត្រូវធ្វើឡើងតាម​បច្ចេកទេសត្រឹមត្រូវ។”

អ្នកនាង ស៊ឹម កល្យាណ អ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions បាននិយាយថាសុវត្ថិភាពគឺអាទិភាពមុខគេមិនថានៅក្នុងអគារធំ ឬតូចនោះទេ។

អ្នកនាងបានអះអាងថាមានកត្តា៣ធំៗ ដែលអាចបង្កជាគ្រោះអគ្គីភ័យបានមានដូចជា៖ ការធ្វេសប្រហែសរបស់មនុស្ស ការប្រើប្រាស់ចរន្តអគ្គិសនីហួសកម្រិត​ ឬមិនមានបច្ចេកទេសត្រឹមត្រូវ ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈហួសកំណត់ដោយមិនមានការគ្រប់គ្រងច្បាស់លាស់។​

“ក្រៅពីនេះយើងត្រូវមានផែនការសង្គ្រោះបន្ទាន់នៅនឹងកន្លែង វិធីនេះអាចធានាសុវត្ថិភាពអ្នកគ្រប់គ្នានៅក្នុងករណីដែលមានអគ្គីភ័យ។”​

នាយកប្រតិបត្តិរបស់គម្រោងខុនដូ Sokha Residences លោក គន្ធា បាននិយាយថាសុវត្ថិភាពពីគ្រោះអគ្គីភ័យគឺជាក្តីបារម្ភរបស់សហគមន៍ទាំងមូល។ ដោយហេតុថាប្រសិនបើផ្ទះ ឬអគារណាមួយឆេះ វាអាចរាលដាលទៅដល់អចលនទ្រព្យនៅជាប់គ្នានោះបានយ៉ាងងាយស្រួល។

ដើម្បីធានាឱ្យបានសុវត្ថិភាពម្ចាស់អគារគួរតែជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈ ឲ្យទទួលខុសត្រូវមើលថែរក្សា និងការពារអគារទាំងមូល។ “យើងត្រូវជំរុញឱ្យអគារទាំងអស់ មានស្តង់ដារនៃការការពារមួយបានមានភាពត្រឹមត្រូវ៕”

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!

Comments