+85561 777 090
Logo
Casino giant Donaco gets new CEO
Updated on: June 6, 2022, 5:02 p.m.
Published on: June 11, 2019, 10:57 a.m.

​​នាយក​​​​កាស៊ី​ណូ ​Star Vegas ​​នៅប៉ោយប៉ែ​​ត​មាន​​​ប្រាក់​ខែ និង​​​ប្រាក់​លើក​ចិត្ត​​ជិត​ ៦​០ ម៉ឺន​ដុល្លារក្នុង​​មួយ​ឆ្នាំ​


ក្រុមហ៊ុន​កាស៊ីណូដូ​ណា​កូ ​របស់​អូស្រ្តា​លី​ ដែល​គ្រប់​គ្រង​អាជីវ​កម្ម​កា​ស៊ី​ណូ​នៅ​ប៉ោយ​ប៉ែត​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​ការ​តែង​​តាំង​​នាយក​ប្រតិ​បត្តិ​ថ្មី​ឈ្មោះ​ Paul Arbuckle ដោយ​ផ្តល់​ប្រាក់បៀវត្យ​ ២៧.៩ ម៉ឺន​ដុល្លារក្នុង​មួយ​ឆ្នាំ និងត្រៀម​ ២៧.៩ ម៉ឺន​ដុល្លារផ្សេង​ទៀត​សម្រាប់​​​​រង្វាន់លើក​ទឹក​ចិត្ត។ ​ ​នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាសរបស់​ក្រុម​ហ៊ុននៅ​ថ្ងៃ​អង្គារ​នេះ​។

ក្រុមហ៊ុនអាជីវ​កម្ម​​កាស៊ីណូដូ​ណា​កូ ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សា​រ​ភាគ​ហ៊ុន​របស់​អូស្រ្តា​លី (ASX) បាន​ចេញ​ផ្សាយ​សេច​ក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​​នេះ​ ស្តី​ពី​ការ​តែង​តាំង​ លោក​ Paul ជា​នាយក​ប្រ​តិ​បត្ត​ថ្មី​ ដោយ​មាន​ប្រ​សិទ្ធភាព​អនុ​វត្តន៍​ចាប់​ពី​ថ្ងៃ​ពុធទី១២ មិថុនា​ទៅ។ តាម​រយៈ​តួ​នា​ទី​ថ្មី​នេះ លោក Paul នឹង​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ដិត​ដល់​ដំ​ណើរ​ការ​អាជីវ​កម្មសណ្ឋា​គារ និង​​កា​ស៊ី​ណូ Star Vegas នៅ​ប៉ោយ​ប៉ែត​ ហើយ​និង​អាជីវ​កម្ម​សណ្ឋា​គារ និង​កាស៊ី​ណូ​ Aristo International Hotel នៅ​វៀត​ណាម​ដែល​មាន​ព្រំ​ប្រ​ទល់​ជាប់​ប្រ​ទេស​ចិន។

លោក​បាន​ថ្លែង​នៅ​ក្នុង​​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ដូ​ណា​កូថា​៖​«​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជា​​ស្រេច​ហើយ​ក្នុង​ការ​សម្រេច​កិច្ច​ការ​និង​ជំនះ​បញ្ហា​ប្រ​ឈម​នៅ​ដូ​ណា​កូ។ ក្រុម​ហ៊ុន​ដូ​ណា​កូ មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​​ដែល​មាន​តម្លៃ​និង​មាន​ឱ​កាស​ចំ​ណេញ​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​បទ​ពិ​សោធ​របស់​ខ្ញុំ​ក្នុង​ការ​ដំ​ណើរ​ការ​អាជីវ​កម្ម​កាស៊ី​ណូ នឹង​ជួយ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ដំ​ណើរ​ការ​​ល្អ»។

លោក​បន្ត​ថា​៖​«​ខ្ញុំ​បាន​ឃើញ​ពី​សក្តា​នុ​ពល​នៃ​អាជីវ​កម្ម​នេះ​តាម​រយៈ​ការ​បំ​ពេញ​តម្រូវ​ការ​អតិ​ថិ​ជន​ពី​ថៃ និង​ចិន និង​ប្រ​ទេស​ផ្សេងៗ​»។

ក្រុមហ៊ុន​កាស៊ីណូដូ​ណា​កូរបស់​អូស្រ្តា​លី បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​គឺ​មួយ​នៅ​ប៉ោយ​ប៉ែត​នៅ​កម្ពុជា និង​ក្រុម​ហ៊ុន​កា​ស៊ី​ណូ​នៅ​វៀត​ណាម។

យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ធំ​ជាង​គេ​របស់​ក្រុម​ហ៊ុ​នដូ​ណា​កូ​​គឺ​ Star Vegas Resort & Club ដែល​ជា​ក្រុម​ហ៊ុន​សណ្ឋា​គារ និង​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែត ដែល​នៅ​ជាប់​ព្រំ​​ប្រ​ទល់កម្ពុជា​-ថៃ។ Star Vegas Resort & Club មាន​តុ​​ភ្នាល់​ល្បែង ១០០ តុ ស្លុត​ម៉ាស៊ី​ន ១,៥០០ និង បន្ទប់សណ្ឋា​គារ ៣៨៥ បន្ទប់។

មុន​នឹង​មក​កាន់​តំ​ណែង​នៅ ដូ​ណា​កូ នា​ពេល​នេះ​ លោក​ Paul ធ្លាប់​ធ្វើ​ជា​នាយក​ប្រ​តិ​បត្តិ​នៅ​កាស៊ី​ណូ Star Gold Coast មាន​ទី​តាំង​នៅ​ប្រទេស​អូ​ស្ត្រា​លី និង Resorts World Sentosa នៅ​សិង្ហ​បុ​រី៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅប៉ោយប៉ែត សូមចូលទៅកាន់ Realestate.com.kh!

 

Comments