សាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់ប្រទេសកម្ពុជា បានសម្រេចផ្តល់នូវកម្ចីសម្រាប់ការសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា ដែលការសម្រេចនេះស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាឱកាសនៃដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ។
បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មីមានប្រវែង៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន ។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ចាក់អង្រែ-ព្រែកប្រា ហើយ ដោយរហូតមកដល់ពេលនេះគឺរង់ចាំការបើកការដ្ឋានដើម្បីសាងសង់ប៉ុណ្ណោះ ។
ស្ថានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែ-ព្រែកប្រា នេះនឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន ដោយសមិទ្ធិផលថ្មីនេះនឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស ៕
Comments