ខេត្តកំពត ៖ ដីស្រែអំបិលជាង៣ពាន់ហិកតាដែលស្ថិតនៅខេត្តកំពតត្រូវបានប្រមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញបញ្ជាមិនឱ្យមានការយកដីទាំងនោះទៅធ្វើអ្វីផ្សេងក្រៅពីផលិតអំបិល ដោយក្នុងគោលបំណងទុកដីស្រែនេះផលិតអំបិលសម្រាប់ផ្គត់ផ្គងទីផ្សារក្នុងស្រុក និងនាំចេញ ។ ការដាក់បទបញ្ជាពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នេះធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងដែលមានតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងដែលមានតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពតឯកឧត្តម ជា សុផារ៉ា បានអះអាងផងដែរថា អំបិលដែលផលិតបាននៅខេត្តកំពតមានគុណភាពល្អជាងអំបិលដែលនាំចូល បើទោះបីជាមានសម្បុររាងស្រអាប់បន្តិចក្តី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យឯឧត្តម ម៉ៅ ធនិន គណៈអភិបាល នៃអភិបាលខេត្តកំពតត្រូវធ្វើយ៉ាងណារក្សាដីស្រែអំបិលទាំងនោះ ដោយមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍន៍អ្វីទាំងអស់ក្រៅពីផលិតអំបិល និងត្រូវរៀបចំផែនការក្នុងការគ្រប់គ្រងដីស្រែអំបិលនៅខេត្តកំពតដែលមានជាង៣ពាន់៧រយហិកតាឱ្យបានគង់រង្សដើម្បីទុកផលិតអំបិល និងហាមដាច់ខាតមិនឱ្យមានការអភិវឌ្ឍន៍គម្រោងអ្វីទាំងអស់នៅលើដីស្រែអំបិលទាំងនោះ ។
ក្នុងនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបញ្ជាឱ្យអភិបាលខេត្តជាប់មាត់សមុទ្រទាំងអស់ដូចជាខេត្តព្រះសីហនុ,កំពត, កែប និងកោះកុង ត្រូវតែគ្រប់គ្រង និងអភិរក្សព្រែកជាប់ឆ្នេរសមុទ្រឱ្យបានគង់វង្ស និងចៀសវាងឱ្យមានការកែប្រែ ឬលុបយកទៅធ្វើគម្រោងលំនៅឋាន និងសំណង់ផ្សេងៗដែលបម្រើផលប្រយោជន៍ឯកជន ។
បើតាមការកត់ត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្នកម្ពុជាមានព្រែកដែលជាប់សមុទ្រសរុបចំនួន១១១ព្រែក ដែលកំពុងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋទូទៅដូចជាការនេសាទ ព្រៃកោងកាង និងដីល្បាប់ជាដើម ។
គួររម្លឹកផងដែរថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាមួយគម្រោងទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងសាងសង់នៅលើផ្ទៃដី ៦០០ហិកតា ដែលអាចផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែងក្រោយពេលសាងសង់រួច ៕
Comments