រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Li Kuo តំណាងក្រុមហ៊ុន China Metro Group និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ អំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបពិភាក្សានេះធ្វើឡើងនាទីស្តីការក្រសួងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។
ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង ។
ជាកិច្ចចាប់ផ្តើម Li Kuo តំណាងក្រុមហ៊ុន China Metro Group បានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក ។
ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ ដែលក្នុងនោះរួមមាន៖ ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហរការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះទស្សនវិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជា ៕
Comments