+85561 777 090
Logo
ជិត២ពាន់លានដុល្លារ ! ចិនជួយសាងសង់ផ្លូវឱ្យកម្ពុជា៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ
Updated on: December 28, 2022, 8:21 a.m.
Published on: December 28, 2022, 8:21 a.m.

ជិត២ពាន់លានដុល្លារ ! ចិនជួយសាងសង់ផ្លូវឱ្យកម្ពុជា៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ


រដ្ឋាភិបាលនៃប្រទេសចិនមកដល់ពេលនេះបានជួយសាងសង់​ផ្លូវដល់​ប្រទេស​កម្ពុជាចំនួន៣០ខ្សែ​ដែល​ស្មើ​នឹង​ប្រវែង​ជាង៣ពាន់គីឡូម៉ែត្រដោយចំណាយចំណាយថវិកាជិត២ពាន់​លាន​​ដុល្លារ ។ ក្នុងនោះ​មាន​ផ្លូវ​កំពុង​សាង​សង់​ជា​ច្រើន​ខ្សែទៀតតម្លៃប្រមាណ៥០០លានដុល្លារ ហើយ​ចំពោះ​ស្ពាន​នៅក្នុង​ប្រទេសកម្ពុជាវិញ ដែលមិត្តចិន​បាន​សាង​សង់ និងកំពុងសាងសង់មាន​ចំនួន៩ខ្សែផ​ង​ដែរ​សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនេះ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី​ភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និង​លើក​កម្រិតគុណភាពផ្លូវជាតិលេខ៤១ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ។

គម្រោងលើក​កម្រិតគុណភាពផ្លូវជាតិលេខ៤១នេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង​ថ្នល់​ចិន CRBC និងត្រួតពិនិត្យបច្ចេក​ទេស​​ដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយ​ប្រើរ​យៈ​ពេល​សាង​​សង់ចំនួន៤០ខែ និងបញ្ចប់​ការ​សាង​សង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​៦៧​​លានដុល្លារសហរដ្ឋអាមេរិក ដែល​ជា​ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជា​មួយ​នឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិ​បាល​កម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលបានផ្តល់ឥណទាន​សម្រាប់​លើក​កម្ពស់​គុណភាពផ្លូវជាតិលេខ៤១នេះ។ សម្តេចតេជោបន្ត​ថា គោលនយោបាយកម្ពុជាពីមុន គឺយើង​មាន​លុយ​តិច​ធ្វើផ្លូ​វ​ឱ្យបានវែង តែបច្ចុប្បន្ននេះគឺយើងត្រូវ​សាង​សង់​ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យ​បាន​រឹង​មាំ និងស្រស់ស្អាត ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវដែលត្រូវបាន​ប្រើ​ប្រាស់​​តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់​តំបន់​សមុទ្រ នៃខេត្តកំពត ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននាពេលកន្លង​មក​នេះ​គឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅ​កាន់​ទីផ្សាបរទេស ។ បច្ចុប្បន្ននេះទំនិញផលិតផល និង​កសិ​ផលរបស់កម្ពុជាមួយចំនួនកំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុង​ត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់ ៕

Comments