គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងប៉ុណ្ណោះទេ គណៈប្រតិភូក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិនផងដែរ ។
ការសន្យាពីសំណាក់ចិននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ។
រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជំរៅទឹក ១៤,៥០ម៉ែត្រចូលចតបាន និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៦,៥០ម៉ែត្រចូលចត ហើយនាវានៅជុំវិញពិភពលោក ៩០ភាគរយចូលចត មានអាកាសយានដ្ឋានអន្តរជាតិកំពុងធ្វើទំនើបកម្ម បច្ចុប្បន្នមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរ មានផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុកមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន ហើយក៏ជាផ្លូវល្បឿនលឿនមុនគេនៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍មួយថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា ទំហំពាណិជ្ជកម្មកើនឡើងជាង ២,០០០លានដុល្លានៅឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។
លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។
លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើវិ័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលីវនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ ៕
Comments