+85561 777 090
Logo
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅដំណើរការសាងសង់បានជិត ៤០% ហើយ
Updated on: June 6, 2022, 1:38 p.m.
Published on: January 6, 2020, 8:02 a.m.

ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅដំណើរការសាងសង់បានជិត ៤០% ហើយ


ស្ពានអាកាសចោមចៅកំពុងសាងសង់

(គ្រឿងចក្រកំពុងជីកដី ធ្វើផ្លូវក្រោមដី នៅក្នងគម្រោងផ្លូវ និងស្ពានអាកាសរង្វង់មូលចោមចៅ)

គិតមកទល់ពេលនេះ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យសម្រេចបានប្រមាណ ៣៧ ភាគរយហើយ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៧ ភាគរយហើយ ដោយក្រុមការងារបាននឹងកំពុងធ្វើគ្រឹះក្រោម សម្រុកជីកផ្លូវក្រោមដី និងចាក់សសរស្ពានជាដើម។ នេះបើតាមគេហទំព័រព័ត៌មានរបស់ក្រសួងសារធាណការ និងដឹកជញ្ជូន។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែនិងចំណាយថវិការសាងសង់ចំនួន២២ ​លានដុល្លាអាមេរិក។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ការ​សាងសង់ស្ពាននេះត្រូវបានបែងចែកជា ៣ ផ្នែកគឺ៖

  • ស្ពានទី១ជាស្ពានអា​កាស​មេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ ម៉ែត្រ និងមានកម្ពស់អតិបរិមា៥.៥ ម៉ែត្រ។
  • ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់ផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លង​​​រថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ។
  • ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង​ ៥.២៥​ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះបានបើកការដ្ឋាន ដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមក៕

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

អត្ថបទដោយ

Comments