+85561 777 090
Logo
លឿនណាស់ ! ធ្មេចបើកៗស្ពានអាកាសនៅរង្វង់មូលចោមចៅជិតរួចបាត់
Updated on: June 1, 2022, 4:10 p.m.
Published on: August 13, 2021, 3:10 a.m.

លឿនណាស់ ! ធ្មេចបើកៗស្ពានអាកាសនៅរង្វង់មូលចោមចៅជិតរួចបាត់


រាជធានីភ្នំពេញ ៖ បើទោះបីជាស្ថានភាពកូវីដ១៩កំពុងតែរាតត្បាតក្តី ប៉ុន្តែដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តដំណើរការសាងសង់របស់ខ្លួនដោយគិតត្រឹមបច្ចុប្បន្នសម្រេចបានជាង៧៥ភាគរយហើយ និងផ្លូវមួយចំនួនក៏បានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផងដែរ ។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងថា ការ​សាងសង់ស្ពាននេះត្រូវបានបែងចែកជា៣ផ្នែកគឺ ៖

- ស្ពានទី១ ៖ ជាស្ពានអា​កាស​មេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ ម៉ែត្រ និងមានកម្ពស់អតិបរិមា៥.៥ ម៉ែត្រ ។

- ស្ពានទី២ ៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់ផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លង​​​រថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ ។

- ស្ពានទី៣ ៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង​ ៥.២៥​ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។

គួររម្លឹកផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះបានបើកការដ្ឋានដំណើរ​ការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងគោលបំណងសម្រួលការធ្វើចរាចរណ៍លើដងផ្លូវ ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែ និងចំណាយថវិការសាងសង់ចំនួន២២​លានដុល្លាអាមេរិក ៕

Comments