បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារបានក្លាយជាតំបន់មួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារលំនៅដ្ឋាននៃតំបន់ជាយក្រុងភ្នំពេញ។ ដែលជាទីតាំងមួយអាចទទួលខ្យល់អាកាសបរិសុទ្ធមានភាពធំទូលាយ និងស្ថានភាពចរាចរប្រសើរជាងតំបន់កណ្តាលទីក្រុង។ តំបន់នេះកាន់តែមានភាពទាក់ទាញទាំងពីសំណាក់អតិថិជនក្នុងស្រុកនិងក្រៅស្រុក។ គម្រោងលំនៅដ្ឋានក្នុងតំបន់នេះបានបើកដំណើរការឥតដាច់។ ចំណែកការផ្តល់ជូលលំនៅដ្ឋានជូនអតិថិជនក៏មានសកម្មភាពយ៉ាងខ្លំាងផងដែរ ហើយចំណែកតម្លៃដីវិញក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សំគាល់។
កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩បានលើកឡើងពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទីតាំងនៅជាប់សារៈមន្ទីរជាតិកម្ពុជានៅក្នុងសង្កាត់ដូនពេញទៅកាន់ទីតាំងថ្មីនៅតំបន់ជ្រោយចង្វារ។ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១២លានដុល្លារ។
សម្រាប់ទីតាំងដែលនឹងត្រូវប្រើប្រាស់ជាទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង៣ហិចតា។ បន្ថែមលើលពីនេះទៀតរដ្ឋាភិបាលក៏នឹងប្រើបាស់ទំហំដីមួយហិចតាផ្សេងទៀតនៅជាប់នឹងសាកលវិទ្យាល័យដើម្បី សាងសង់ជាមជ្ឈមណ្ឌលវប្បធម៌ សាលប្រគុំតន្រ្តី និងរោងមហោស្រព។
លោក ណយ សំណាង ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា “ខ្ញុំបានចាប់ផ្តើមរៀននៅទីនេះ ហើយក៏កំពុងរៀននៅទីនេះដែរ ប្រសិនបើសាលារៀនរបសខ្ញុំត្រូវផ្លាស់ប្តូរទីតាំងមែននោះខ្ញុំពិតជាសោកស្តាយខ្លាំងបំផុត ព្រោះនៅទីនេះខ្ញុំទទួលបានអនុស្សាវរីយ៍យ៉ាងច្រើន ចំណែកទីតាំងថ្មីវិញគឺទាំងឆ្ងាយទាំងថ្មីដែលខ្ញុំចំណាយពេលសម្របខ្លួន។
ទោះជាយ៉ាងណារដ្ឋាភិបាលវិញលើកឡើងថាដោយសារតែសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នមានសភាពតូចចង្អៀត ហើយរដ្ឋមានផែនការប្រើប្រាស់ទីតាំងរបស់សាលាដើម្បីពង្រីកសារៈមន្ទីរជាតិឲ្យមានទំហំធំជាងនេះ។
លោក នង សាមឌី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា លោកមានការសោកស្តាយប្រសិនបើ សាលាមួយនេះពិតជាត្រូវបានផ្លាស់ប្តូរទៅតំបន់ជ្រោយចង្វារពិតមែនដោយមូលហេតុថាសាលានេះជាសាលាដ៏ចំណាស់ជាងគេមួយក្នុងប្រទេស មានអាយុកាល១០០ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ។
ទោះបីយ៉ាងណាលោកសាមឌីបាននិយាយថាប្រសិនបើរដ្ឋាភិបាលពិតជាប្រើប្រាស់ទីតាំងនេះធ្វើជាសារៈមន្ទីរ ហើយរក្សាទុករាល់សំណង់អគារទាំងអស់នៅដដែលនោះលោកគាំទ្រលើការផ្លាស់ប្ដូរនេះដែរ។ លោកសាមឌីបន្ថែមថាការផ្លាស់ប្តូរអាចជារឿងល្អប្រសិនបើសាលាថ្មីមានសម្ភារៈសិក្សាគ្រប់គ្រាន់មានទីធ្លាធំទូលាយ និងសេវាកម្មផ្សេងៗទៀតមានការផ្គត់ផ្គង់គ្រប់គ្រាន់។
លោក អ៊ិន ស៊ីថា ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Property Co., Ltd. បានលើកឡើងថាប្រសិនបើយើងពិនិត្យមើលក្នុងវិស័យអចលនទ្រព្យនេះជាសញ្ញាណល្អមួយដែលអាចជម្រុញសក្តានុពលទីផ្សារអចលនទ្រព្យឲ្យកាន់តែរីកចម្រើនឡើងនៅក្នុងតំបន់។
ជាក់ស្តែងសាកលវិទ្យាល័យន័រតុនក៏មានទីតាំងនៅតំបន់ជ្រោយចង្វារ លោកស៊ីថាបានលើកឡើងថាមុនពេលន័រតុនទៅដល់ទីនេះ តំបន់នេះគ្មានអាជីវកម្មនោះទេ ហើយមានពលរដ្ឋរស់នៅតិចនៅឡើយ ប៉ុន្តែក្រោយពេលដែលមានសាកលវិទ្យាល័យមក អាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចជាច្រើនបានរីកដុះដាលឡើងយ៉ាងច្រើន។
លោក ស៊ីថា បានលើកឡើងដែរថាសម្រាប់វិស័យលំនៅដ្ឋានវិញការផ្លាស់ប្តូរសាលានេះក៏នឹងជម្រុញទិសដៅលំនៅដ្ឋានមកកាន់តំបន់ក្រៅក្រុងឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារកាន់តែច្រើនឡើងដោយសារតែជាតំបន់នេះមានលំនៅដ្ឋាន និងដីនៅមានតម្លៃសមរម្យនៅឡើយសម្រាប់អ្នកក្នុងស្រុក។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានឲ្យដឹងថាគម្រោងនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែមេសាខាងមុខ ហើយការសាងសង់នឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំដើម្បីបញ្ចប់ការដ្ឋានសំណង់មួយនេះ។
សូមជម្រាបផងដែរថា នៅថ្ងៃទី ២៣ ដល់ទី ២៥ ខែមីនា ឆ្នាំ ២០១៧ សាលារចនានឹងប្រារព្ធខួប១០០ឆ្នាំ និងពិព័រណ៌ការសិក្សា ដែលនឹងដាក់បង្ហាញដល់សិស្សនិស្សិតពីជំនាញនៃមហាវិទ្យាល័យទាំងប្រាំរបស់សាលារួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យសិល្បះសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យតូរ្យតន្រ្តី៕
ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទនៅតំបន់ជ្រោយចង្វាតាមរយៈ Realestate.com.kh
Comments