(ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)
ក្នុងឆ្នាំ២០១៩ នេះ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៤,៤៤៦ គម្រោងមានផ្ទៃក្រឡាសំណង់សរុបជាង ១៨.៥ លានម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩.៣ ពាន់លានដុល្លារអាមេរិក យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់ជូនអ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈរបាយការណ៍នោះផងដែរ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ សំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួនតែ ២,៨៦៧ គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១១.៤ លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥.២២ ពាន់លានដុល្លារ កើនឡើង ៧៨.៨៨ ភាគរយ។
គម្រោងក្នុងឆ្នាំ២០១៩
ក្នុងនោះគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន ៤៣២ គម្រោង ស្មើនឹង ៤៣៦ អគារ។ ក្នុងនោះ
- អគារពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួន ២០៨ អគារ
- ពី ១០ ជាន់ទៅ ១៩ ជាន់ មាន ចំនួន ១៣៥ អគារ
- ពី ២០ ជាន់ទៅ ២៩ ជាន់មានចំនួន ៥៧ អគារ
- ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន ២៣ អគារ
- ពី ៤០ ជាន់ឡើងទៅមានចំនួន ១៣ អគារ។
លំនៅដ្ឋានបែបបុរី និងអគារសហកម្មសិទ្ធិ
ដោយឡែកសំណង់លំនៅដ្ឋានចំនួន ៣,៧៣២ គម្រោងមានផ្ទៃក្រឡាសំណង់ចំនួនជាង ៨ លាន ម៉ែត្រការ៉េ មានទុនវិនិយោគ ៣.៦ ពាន់លានដុល្លារ ស្មើនឹង ៣៨,៤៨៨ ខ្នង។ បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានបែបបុរីនៅទូទាំងប្រទេសចំនួន ៤០ គម្រោង ស្មើនឹង ១៦,៥៨៩ ខ្នង មានផ្ទៃក្រឡាសំណង់សរុបជាង ២.៤ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៨២១ លានដុល្លារ។
បន្ថែមលើសពីនេះ របាយការណ៍ដដែលបានឲ្យដឹងថា អគារ ផ្ទះល្វែង និងភូមិគ្រឹះនៅទូទាំងប្រទេសមាន ២០,៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់ជិត ៣.៥ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណជាង ១.២ ពាន់លានដុល្លារ។ អគារសហកម្មសិទ្ធិមាន ១៥២ គម្រោង ស្មើនឹង ១៧,៧០៧ យូនីត ដែលមានផ្ទៃក្រឡាកម្រាលសំណង់ជាង ៣ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណជាង ១.៩ ពាន់លានដុល្លារ។
សណ្ឋាគារ និងពាណិជ្ជកម្ម
យ៉ាងណាមិញ សំណង់សណ្ឋាគារនៅទូទាំងប្រទេសមានចំនួន ៦៦ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណជាង ៥៨៦ លានដុល្លារ។ សំណង់អគារពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៣.៥ ពាន់លានដុល្លារ និងសំណង់អគារ រោងចក្រនៅទូទាំងប្រទេសមានចំនួន ១២១ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ២ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១៤១ លានដុល្លារ។
អគារពហុមុខងារ
ចំពោះសំណង់អគារពហុមុខងារនៅទូទាំងប្រទេសមានចំនួន ៩៤ គម្រោង ស្មើនឹងជាង ៥ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,០៤៨ លានដុល្លារ។
គម្រោងចាប់ពី២០០០ ដល់ឆ្នាំ២០១៩
របាយការណ៍បន្តថាគិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅ ទូទាំងប្រទេសចំនួន ៤៨,០០៤ គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួនជិត ១៣២ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥១ ពាន់លានដុល្លារ។
គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ១,៦២៤ អគារ។ ក្នុងនោះអគារ ខ្ពស់ៗមាន៖
- ចាប់ពី ៥ ជាន់ទៅ ៩ ជាន់មានចំនួន ៨៧២ អគារ
- អគារចាប់ពី ១០ ជាន់ទៅ ១៩ ជាន់មាន ចំនួន ៤៦១ អគារ
- អគារ ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់មានចំនួន ១៥៦ អគារ
- អគារចាប់ ពី ៣០ ជាន់ទៅ ៣៩ ជាន់ មាន ចំនួន ៩៥ អគារ និង
- អគារចាប់ពី ៤០ ជាន់ឡើងមានចំនួន ៤០ អគារ។
ដោយឡែកគិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ ជាន់ទៅចំនួន ២៣៨ អគារ។ ចំណែកគម្រោងបុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានបែបបុរីនៅក្នុង រាជធានីភ្នំពេញមានចំនួន ២៩៨ គម្រោង រីឯលំនៅដ្ឋានមានលក្ខណៈជាអគារសហកម្មសិទ្ធិក្នុងរាជធានី ភ្នំពេញមានចំនួន ២២,២៦៩ យូនីត៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments