រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឧទ្យានជាតិ «ភ្នំបូកគោ» ឱ្យទៅជាទីក្រុងឆ្លាតវៃមួយ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឱ្យក្លាយទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកឧកញ៉ា សុខ គង់ បានធ្វើការចុះត្រួតពិនិត្យអំពីដំណើរការអភិវឌ្ឍផ្លូវថ្មី១ខ្សែដែលតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបាន៥២គីឡូម៉ែត្រហើយនៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ ។
ការអភិវឌ្ឍផ្លូវថ្មីនេះមានការចូលរួមពីអ្នកឧកញ៉ាល្បី ២ រូប គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។
ការស្ថាបនាផ្លូវមួយខ្សែនេះមានផលលំបាកច្រើនដោយសារតែស្ថានភាពផ្លូវលើភ្នំសំបូរព្រៃ ជ្រលង និងកន្លែងខ្លះត្រូវចាក់បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀតត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ ដោយក្រុមការងារស្ថាបនាផ្លូវនេះកំពុងដុតដៃដុតជើងពន្លឿនការស្ថាបនាផ្លូវនេះឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក ។
គួររម្លឹកផងដែរថា ក្រុមហ៊ុនសុខា អូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម ៕
Comments