+85561 777 090
Logo
ប្រយ័ត្នគេមិនឱ្យសាងសង់ ! ម្ចាស់គម្រោងថ្មីៗទាំងអស់ត្រូវធ្វើរឿងនេះសិនទើបអាចស្នើសុំលិខិតសាងសង់បាន
Updated on: June 6, 2022, 5:00 p.m.
Published on: December 2, 2021, 6:47 a.m.

ប្រយ័ត្នគេមិនឱ្យសាងសង់ ! ម្ចាស់គម្រោងថ្មីៗទាំងអស់ត្រូវធ្វើរឿងនេះសិនទើបអាចស្នើសុំលិខិតសាងសង់បាន


វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ចដែលមានការសាងសង់អគារខ្ពស់ៗជាច្រើនបើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ ។ ការដែលមានគម្រោងវិនិយោគអគារខ្ពស់ៗច្រើនវាជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យអចលទ្រព្យកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ និងពេលអនាគត ។

ដើម្បីអាចសាងសង់សំណង់នានាក្នុងប្រទេសកម្ពុជាដោយស្របច្បាប់បានម្ចាស់គម្រោងថ្មីៗទាំងអស់មិនត្រឹមតែមានលិខិតអនុញ្ញាត​​សាងសង់តែប៉ុណ្ណោះទេ ពោលគឺត្រូវស្នើសុំលិខិតពាក់ព័ន្ធផ្សេងៗទៀតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងអាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។

រូបតំណាង

តាមប្រភពសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី «បែបបទនៃការងារត្រូតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់គ្រឿងផ្តុំសំណង់» បានឱ្យដឹងថា ម្ចាស់គម្រោងថ្មីៗទាំងអស់មុននឹងអាចសាងសង់សំណង់របស់ខ្លួនបានត្រូវធ្វើការដាក់បង្ហាញប្លង់ជាដាច់ខាតដើម្បីសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និងរដ្ឋបាលរាជធានីខេត្ត ដើម្បីត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ចំពោះសំណង់គ្រប់ប្រភេទ ។

សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ផងដែរថា ម្ចាស់គម្រោងថ្មីៗទាំងអស់តម្រូវឱ្យដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន ។

រូបតំណាង

*គម្រោងប្លង់ ៖ សំដៅដល់ឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការងារសំណង់មានជាអាទិ៍ប្លង់ស្ថាបត្យកម្ម, ប្លង់គ្រឿងផ្តុំសំណង់ ឬប្លង់ឯកសារ និងសេចក្តីណែនាំបច្ចេកទេសដទៃទៀតសម្រាប់ការងារសាងសង់ ឬរុះរើ និងការប្រើប្រាស់សំណង់ ។

*ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ ៖ សំដៅដល់ ការត្រួតពិនិត្យ, ការវិភាគ, ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀតនៃគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់សំណង់ថ្មី, ការងារជួលជុល, ការងារកែប្រែ, ការងាររុះរើ ឬការប្តូរមុខងារប្រើប្រាស់សំណង់ដើម្បីជាមូលដ្ឋានសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីមានសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតសាងសង់, លិខិតអនុញ្ញាតជួសជុល, លិខិតអនុញ្ញាតរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ថ្មី ។

ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ការអនុញ្ញាតសាងសង់

យោងតាមមាត្រា៩ នៃ​អ​នុក្រឹត្យស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ដើម្បីអាចស្នើសុំការអនុញ្ញាតបានម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងឯកសារដូចខាងក្រោម ៖ 

  • វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្ន

  • សាលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍

  • ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម

  • អត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំ

  • ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន)។

រូបតំណាង

យោងតាមប្រភព «ច្បាប់ស្តីពីសំណង់» មាត្រា៥៤ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ការងារសាងសង់ ឬរុះរើដែលគ្មានលិខិតអនុញ្ញាត ក្នុងករណីការសាងសង់ ឬរុះរើនោះតម្រូវឱ្យមានលិខិតអនុញ្ញាត ។

ដោយឡែកក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលស្តីអំពីលិខិតអនុញ្ញាតសាងសង់បានឱ្យដឹងថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី, ការងារកែប្រែ, ការងារដំឡើង និងការងាររុះរើជាដើមត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន ។

ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់ ។ នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា ៖

  • លិខិតអនុញ្ញាតសាងសង់

  • គម្រោងប្លង់គ្រឿងផ្គុំសំណង់

  • ឯកសារសិក្សាភូព្ភសាស្ត្រ

  • សៀវភៅបន្ទុកនៃការងារសាងសង់

  • កិច្ចសន្យាម៉ៅការសំណង់

  • ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់

  • ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង ។

សូមបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការងារសាងសង់ជាស្ថាពរម្ចាស់សំណង់ត្រូវស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានសំណង់មួយទៀតពីអាជ្ញាធរមានសមត្ថកិច្ច ។

Comments