រយៈពេលជាង ៥ ឆ្នាំចុងក្រោយនេះ សកម្មភាពនៃការពុះដីឡូត៍លក់ ហាក់កំពុងតែកក្រើកពេញ ផ្ទៃប្រទេស ពិសេសនៅបណ្តាខេត្ត-ក្រុងធំៗមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ កំពង់ស្ពឺ និងខេត្តសៀមរាបជាដើម។ ចំពោះតម្លៃវិញ ក្នុង ១ ឡូត៍គិតជាមធ្យម តម្លៃចន្លោះពី ៧,០០០ ដុល្លារ ទៅ ១០,០០០ ដុល្លារ សម្រាប់ដីឡូត៍ ដែលមានទីតាំងសមរម្យអាចសង់លំនៅដ្ឋាននៅបានភ្លាមៗ ឬប្រកបអាជីវកម្ម ឬទិញទុកលក់យកចំណេញជាដើម។ នេះបើតាមការលើឡើងរបស់អ្នកជំនាញ។
ការចាប់ផ្តើមគម្រោងដីឡូតិ៍
មូលហេតុចម្បង ដែលនាំអោយមានការពុះដីឡូត៍លក់ដំបូងគឺ ដោយសារតែម្ចាស់ដីពិបាកក្នុងការលក់ចេញដីទាំងមូល (ដីធំ) ឬពិបាករកអតិថិជនទិញ ហេតុដូច្នោះហើយបានជាបែកគំនិត ពុះជាឡូត៍តូចៗដើម្បីលក់ជូនអតិថិជន។ ខណៈឃើញអ្នកមុនធ្វើបានសមប្រកប ម្ចាស់គម្រោងក្រោយៗក៏ចាប់ផ្តើមអាជីវកម្មដីឡូត៍នេះយ៉ាងគគ្រឹកគគ្រេងរហូតដល់សព្វថ្ងៃ ។
គម្រោងដីឡូត៍ភាគច្រើនបំផុត មិនសូវមានប្លង់រឹងទេ ដោយសារតែដីដែលគេយកមកពុះជាឡូត៍លក់នោះ ជាប្រភេទដីនៅជាយក្រុង ដីលិចទឹក ដីបឹង ដីទំនេរចោល (មិនមានការការដាំដុះ) ដីស្រែ ដីព្រៃរបោះ ឬព្រៃរិចរិលជាដើម ដែលដីទាំងអស់នោះមិនទាន់បានកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ហើយក៏មិនទាន់មានការស្នើសុំចុះបញ្ជីដីជាលក្ខណៈដាច់ដោយដុំដែរ។ អានអត្ថបទ ការទិញដីឡូតិ៍ជាឱកាស តែអាចមានហានិភ័យ។
តើភាគច្រើនដីប្រភេទណា ដែលគេយកមកពុះ ឬអភិវឌ្ឍន៍ជាគម្រោងដីឡូត៍លក់?
តាមរយៈការសម្ភាសផ្ទាល់ជាមួយលោក ម៉ៃ សាមន ជាអ្នកជំនាញផ្នែកអចលនទ្រព្យ និងច្បាប់ បានមានប្រសាសន៍ថា «ផ្អែកតាមសិក្សាស្រាវជ្រាវរបស់ខ្ញុំ និងបទពិសោធន៍គ្រប់គ្រងគម្រោងដីឡូត៍ជាច្រើនឆ្នាំមកហើយនោះ មានគម្រោងដីឡូត៍លើសពី ៦០% ដែលយកមកអភិវឌ្ឍន៍ ឬពុះជាឡូត៍លក់នោះ គឺជាប្រភេទដីកសិកម្ម (ដីបង្ករបង្កើនផល៖ ប្រភេទដីស្រែ និងដីចំការ) ដោយសារតែដីប្រភេទនេះ វាមានតម្លៃថោកសមរម្យ ដីមិនទាន់មានប្លង់រឹងជាដើម»។
លោបានបន្ថែមថា ដីប្រភេទនេះ គេអាចទិញក្នុងតម្លៃ អាស្រ័យតាមទីតាំង ទីប្រជុំជន កៀកក្រុង ស្ថិតក្នុង ឬជិតតំបន់អភិវឌ្ឍន៍ជាដើម។ល។ ក្នុងតម្លៃ ១ម៉ែត្រការេ គេអាចទិញបានត្រឹមតម្លៃ ៣ ដុល្លារ ៥ ដុល្លារ ១០ ដុល្លារ រហូតដល់ ១៨ ដុល្លារជាដើម ហើយដល់ពេលគេយកទៅពុះជាឡូត៍លក់គេអាចលក់ក្នុងតម្លៃ ៥០ ដុល្លារ ទៅ ៨០ ដុល្លារ ក្នុង ១ម៉ែត្រការេ ឬ ៥,០០០ ដុល្លារ ទៅ ៨,០០០ ដុល្លារក្នុង ១ ឡូត៍ ។
ដូចបានលើកឡើងខាងលើរបស់លោក សាមន គឺថាអ្នកអភិវឌ្ឍន៍ដីឡូត៍ភាគច្រើនបានយកដីស្រែរបស់ខ្លួន ឬទិញពីម្ចាស់ដីដើមយកមកពុះ ឬអភិវឌ្ឍជាដីឡូត៍លក់ គឺគេកម្រឃើញការពុះដីឡូត៍នៅលើទីតាំងណាមួយដែលមិនមែនជាប្រភេទដីកសិកម្ម ដោយមូលហេតុចម្បងថា បើយកដីប្រភេទសាងសង់ ដីស្អាតដែលមានការអភិវឌ្ឍហើយ មានតម្លៃថ្លៃ ដែលពិបាកយកមកពុះឡូត៍លក់ ហើយទទួលបានប្រាក់ចំណេញតិច ដូច្នេះហើយ ទើបគេជ្រើសរើសប្រភេទដីស្រែ (ដីកសិកម្ម) នេះតែម្តង ដើម្បីយកមកពុះជាឡូត៍លក់ព្រោះអត្រានៃប្រាក់ចំណេញរបស់វាពេលពុះជាឡូត៍លក់អាចចំណេញចន្លោះពី ១០០% ទៅ ១៥០%។
តាមអនុសាសន៍របស់លោក ម៉ៃ សាមន បានលើកឡើងថា ការយកដីកសិកម្មមកពុះជាឡូត៍លក់ វាហាក់បីដូចជា មានសញ្ញាអវិជ្ជមាន ខណៈដែលប្រជាជនកម្ពុជា ស្ទើតែ ៨៥% ពឹងផ្អែកលើរបរកសិកម្ម ប៉ុន្តែផ្ទុយទៅវិញ ចំនួនផ្ទៃដីកសិកម្មរបស់ពួកគាត់ កំពុងតែឈានទៅរកការបាត់បង់រាប់ពាន់ហិកតាក្នុងមួយឆ្នាំៗ ដោយសារតែកំណើនការអភិវឌ្ឍដីឡូត៍លក់នេះ។
ការរៀបចំយន្តការគ្រប់គ្រង
ជាការពិតណាស់ យើងមិនអាចបញ្ឈប់ទាំងស្រុង ឬចេញមុខទប់ទាំងស្រុងមិនអោយករណីនេះកើតឡើងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលគួរតែរៀបចំច្បាប់ និងយន្តការច្បាស់លាស់មួយ ដើម្បីទប់ស្កាត់ ឬបន្ថយសកម្មភាពពុះដីឡូត៍លក់លើផ្ទៃដីកសិកម្ម ដែលមិនបានឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់គុណសម្បត្តិ និងគុណវិបត្តិនៃការពុះឡូត៍លក់ចំពោះគម្រោងណាមួយដែលបានស្នើសុំច្បាប់ទៅស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ។
បើតាមលោកលោកសាមន លោកកបានលើកជាឧទាហរណ៍ថា ឧបម៉ាថាមានម្ចាស់គម្រោងម្នាក់ មានដីស្រែ ២ ហិកតា ចង់ពុះជាឡូត៍លក់ ប៉ុន្តែដីស្រែរបស់គាត់ ដែលចង់យកមកពុះជាឡូត៍លក់នោះ មិនសាកសមយកមកពុះជាឡូត៍លក់ទេ ព្រោះវានៅឆ្ងាយពីទីប្រជុំជន មិនជាប់ផ្លូវរដ្ឋ ផ្លូវភូមិ មិនមានសកម្មភាពអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន ហើយមិនមានការអភិវឌ្ឍក្នុងរយៈពេលរំពឹង ៥ ឆ្នាំ ទៅមុខជាដើម ។ល។
ក្នុងករណីមានគម្រោងបែបនេះស្នើឡើង ឬសុំច្បាប់នៅអាជ្ញាធរពាក់ព័ន្ធ អាជ្ញធរមិនគួរចេញច្បាប់អោយធ្វើទេ ដោយមានចំណារ ឬលិខិតបំភ្លឺថា ជាគម្រោងដែលមិនមានគុណវុឌ្ឍិ (គុណសម្បត្តិ) គ្រប់គ្រាន់ ក្នុងការពុះជាឡូត៍ លក់ ដោយមានភ្ជាប់មកនូវហេតុផលមួយចំនួន ដូចការលើកឡើងខាងលើ ដោយរដ្ឋាភិបាល ត្រូវបង្កើតអោយមានយន្តការគ្រប់គ្រងច្បាស់លាស់មួយ ហើយក្នុងយន្តការនោះ ត្រូវមានការបង្កើតគណៈកម្មការវាយតម្លៃគម្រោងមួយ ដែលអាចចេញពីថ្នាក់ក្រសួង ខេត្ត-ក្រុង ឬថ្នាក់ស្រុក-ខណ្ឌ អាស្រ័យទៅតាមទំហំនៃគម្រោង។ មានន័យថា រាល់គម្រោងពុះដីឡូត៍លក់ ត្រូវតែស្នើសុំច្បាប់នៅស្ថាប័នពាក់ព័ន្ធ ហើយស្ថាប័នពាក់ព័ន្ធនោះហើយ ដែលត្រូវបញ្ជូនគណៈកម្មការចុះទៅវាយតម្លៃគម្រោងនីមួយៗ ដែលបានស្នើសុំច្បាប់នោះ។
ប្រសិនបើគណៈកម្មការចុះទៅវាយតម្លៃនោះ ពិនិត្យឃើញថា គម្រោងមិនមានគុណសម្បត្តិគ្រប់គ្រាន់ មិនត្រូវអនុញ្ញាតច្បាប់ទេ ហើយត្រូវណែនាំ ឬលើកទឹកចិត្តអោយម្ចាស់ដីធ្វើការដាំដុះបន្ត ឬធ្វើកសិកម្មបន្តលើដីនោះ ជាជាងយកមកពុះជាឡូត៍លក់ ។
តាមប្រសាសន៍លោក ម៉ៃ សាមន វាមានរបៀបវារៈ និងយន្តការច្រើនទៀត ដើម្បីទប់ស្កាត់ការពុះដីឡូត៍លក់ លើផ្ទៃដីកសិកម្មនេះ ប៉ុន្តែរឿងចំបងដែលត្រូវធ្វើមុនគេ គឺវាទាល់តែរដ្ឋាភិបាលមើលឃើញពីចំនុចអវិជ្ជមានខាងលើដែរ ទើបអាចអង្គុយធ្វើច្បាប់ និងរៀបចំយន្តការផ្សេងៗ តាមរយៈការជជែកដេញដោលរកគន្លឹះក្នុងការធ្វើវា។
តាមការលើកឡើងរបស់អ្នកជំនាញរូបនេះ បើរដ្ឋាភិបាលមិនអើពើ ហើយបណ្តែតបណ្តោយ ដូចសព្វថ្ងៃនេះ កម្ពុជានឹងបាត់បង់ផ្ទៃដីកសិកម្មរាប់ពាន់ហិកតាក្នុងមួយឆ្នាំៗ ដោយសារតែកំណើនពុះដីឡូត៍លក់នេះ។ ជាការពិតណាស់ ក្នុងមួយគម្រោងៗ យ៉ាងហោចណាស់ ក៏មានដីប្រហែល ២ ហិកតាដែរ ដើម្បីយកមកអភិវឌ្ឍជាគម្រោងដីឡូត៍លក់នោះ ហើយគិតដល់សព្វថ្ងៃនេះ វាមានដល់រាប់ពាន់គម្រោងទៅហើយ។
គួរបញ្ជាក់ដែរថា កម្ពុជាត្រូវបានស្គាល់ជាទូទៅថា ជាប្រទេសពឹងផ្នែកលើវិស័យកសិកម្ម ដែលមានប្រជាជនជាកសិកររហូតដល់ ៨៥% និងផ្ទៃដីកសិកម្មសរុបមានប្រហែល ១៦% ស្មើនឹង ២,៨៧លាន ហិកតា នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាទាំងមូលជាង ១៨ លានហិកតា៕
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments