សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំគណៈប្រតិភូ ជាង ២០ នាក់ ទៅចូលរួមសិន្និសីទ និងពិព័រណ៌ The Realtors Conference & Expo 2019 ដែលរៀបចំឡើងដោយសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យ (NAR) របស់សហរដ្ឋអាមេរិក ដែលនឹងប្រពឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ការថ្លែងនេះត្រូវបានធ្វើឡើងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែ វិច្ចិកា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំជាមួយ NAR គឺដើម្បីចែករំលែកពីសក្តានុពល សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។លោកថា នេះជាលើកមួយហើយ ដែលផ្តល់ឱកាសដល់កម្ពុជាអាចឡើងនិយាយលើវេទិកាអន្តរជាតិដ៏ធំបែបនេះ ខណៈកាលពីពេលកន្លងមក កម្ពុជាគ្រាន់តែមានឈ្មោះថាជាអ្នកចូលរួមតែប៉ុណ្ណោះ ហើយនេះជាមោទកភាពមួយ ដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានឱ្យដឹងបន្តថា អ្វីដែលនឹងរៀនសូត្របានកិច្ចប្រជុំនេះ គឺផ្តោតលើប្រធានបទរួមមាន៖ ការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការធ្វើជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ ឬជាអ្នកគ្រប់គ្រងក្រុមហ៊ុន ការនិយាយពីធុរកិច្ច មានន័យថាការណែនាំពីអ្នកទិញអ្នកលក់ នៅលើបណ្តាប្រទេសលើពិភពលោក ការចែករំលែកពីបច្ចុប្បន្នភាពទីផ្សារលើពិភពលោក នៅក្នុងប្រទេសបណ្តាតំបន់អាស៊ាន ឬក៏នៅក្នុងប្រទេសអឺរ៉ុប ការនិយាយអំពីលទ្ធផលដែលគេសម្រេចបាន ដូចជាការរាយការណ៍ពីទិន្នន័យ នៃការលក់អចលនទ្រព្យទូទាំងពិភពលោកមានចំនួនប៉ុន្មានលានដុល្លារអាមេរិកជាដើម។
បន្ថែមពីនេះ ទន្ទឹមនឹងចំណេះដឹងដែលអាចរៀនសូត្របានពីកិច្ចប្រជុំនាសហរដ្ឋអាមេរិកនោះដែរ ក្នុងនាមលោកជាប្រធានសមាគម ហើយត្រូវជាតំណាងកម្ពុជាធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផងនោះ លោកនឹងនាំយកចំនុចសំខាន់ធំៗចំនួន៣ ទៅធ្វើបទបង្ហាញនាឪកាសនោះ ដូចជា៖
- ចំណុចទី១៖ កម្ពុជាមានកម្រិត GDP ខ្ពស់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺ ៧.៥%
- ចំណូចទី២៖ វិស័យអចលនទ្រព្យកម្ពុជា ១៥% ក្នុងមួយឆ្នាំ និង
- ចំណុចទី៣៖ ស្ថានភាពនយោបាយរបស់រឹងមាំរបស់កម្ពុជា។
ក្រៅពីអ្នកអចលនទ្រព្យកម្ពុជា អាចពង្រឹងជំនាញនិងសមត្ថភាពរបស់ខ្លួនហើយនោះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អះអាងថាកម្មវិធីនេះក៏នឹងជួយបង្កើនទំនាក់ទំនង ទាក់ទាញអ្នកវិយោគអន្តរជាតិ ដើម្បីឈានទៅជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែប្រសើរឡើង និងល្បីឈ្មោះលើទីផ្សារអន្តរជាតិ៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments