នៅពេលលោក ស៊ឺន សុន ទិញដីក្នុងតម្លៃ ១៦,០០០ ដុល្លារនៅសង្កាត់ព្រែកកំពឹសកាលពីពាក់កណ្តាលឆ្នាំ ២០១៦ លោកមិនបានគិតថានឹងទទួលបានចំណេញភ្លាមៗពីវិនិយោគនេះឡើយ។ នាពេលនោះ ទីផ្សារអចលនទ្រព្យនៅតំបន់នោះមិនទាន់មានភាពអ៊ូអរខ្លាំងនោះទេ។
នាពេលនេះ ដីរបស់លោកសុន ហំព័ទ្ធដោយវាលស្រែ និងមានផ្ទះអ្នកភូមិពីរបីខ្នងជំុំវិញនោះ។ ក្នុងទំហំដីសរុប ២៦៦ ម៉ែត្រការ៉េ លោកសុនបានទិញនាពេលនេះដោយចំណាយក្នុងមួយម៉ែត្រការ៉េ ស្មើរនឹង ៦០ ដុល្លារ។ មធ្យោបាយដែលអាចទៅដល់ទីនោះបាននាពេលនោះគឺ តាមផ្លូវតូចមួយចុះពីផ្លូវជាតិលេខ២។
ប៉ុន្តែសំណាងរបស់លោក ស៊ឺន សុន ហាក់មកដល់មុនការរំពឹងទុក។ ត្រឹមតែក្នុងរយៈពេលមួយឆ្នាំក្រោយពេលទិញ វិថីសម្តេចតេជោហ៊ុនសែន បានសាងសង់រួចនឹងដាក់ឲ្យដំណើរការ ហើយបានតភ្ជាប់ពីផ្លូវ ២៧១ ត្រង់ច្រមុះជ្រូក ទៅកាន់ផ្លូវជាតិលេខ ២ នៃភាគខាងត្បួងរាជធានីភ្នំពេញ។ បន្ទាប់ពីនោះមក គម្រោងធំៗក៏បានបើកការដ្ឋានសាងសង់។
កំណើនតម្លៃដី
គម្រោងបុរីលំនៅដ្ឋាន គម្រោងផ្សារទំនើប និងជាពិសេសផ្សារទំនើប អ៊ីអន ៣ ត្រូវបានប្រកាសថានឹងសាងសង់នៅលើទីក្រុងរណប អ៊ីង ស៊ីធី ដែលលាតសន្ទឹងនៅភាគខាងត្បូងរាជធានីភ្នំពេញ។
លោកសុន បានប្រាប់ Realestate.com.kh ថា៖ «គម្រោងដែលកំពុងដំណើរការអភិវឌ្ឍន៍នៅតំបន់ជំវិញផ្លូវ ៦០ ម៉ែត្របានធ្វើឲ្យដីនៅកន្លែងខ្ញុំឡើងថ្លៃខ្លាំង ធៀបនឹងពីរ បីឆ្នាំមុន»។ លោកបន្តថា៖«នៅតម្លៃទីផ្សារបច្ចុប្បន្ន ដីហ្នឹងអាចលក់បានប្រហែល ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ»។
យោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញកំពុងទទួលបានកំណើនដីគួរឲ្យកត់សម្គាល់។ ខ័ណ្ឌដង្កោទាំងមូល ដែលលាតសន្ទឹងនៅភាគខាងត្បូងភ្នំពេញ កំពុងទទួលបានកំណើនតម្លៃដីយ៉ាងខ្លាំង ហើយជាប់លំដាប់ទីបីនៅកម្ពុជាធៀបនឹងខ័ណ្ឌផ្សេងៗ។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត។
លោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានលើកឡើងថា ការប្រកាសពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទីបី ដែលបច្ចុប្បន្នកំពុងសាងសង់ បានរួមចំណែកសំខាន់ដល់កំណើនតម្លៃដី។ ដីដែលនៅជាប់ផ្លូវធំដែលកាលពីមុនមានតម្លៃត្រឹម ១០ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនដល់ ១០០ ដុល្លារ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលនេះ។ ដីដែលនៅផ្លូវចូលក្នុងក៏បានកើនដល់រង្វង់ ៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី អាន សុធីតា នាយិកាថក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE បានលើកឡើងថា ភាគខាងត្យូងភ្នំពេញមានតម្លៃដីកើនឡើងខ្លាំង។ ស្របពេលតម្លៃដីអាចមានភាពខុសគ្នាបន្តិចពីតំបន់មួយទៅតំបន់មួយ អ្នកស្រីបានបញ្ជាក់ថា តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ២ នៅសង្កាត់ព្រែកកំពឹសអាចមានតម្លៃរហូតដល់ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រីបញ្ជាក់ថា៖«នៅពេលណាមានគម្រោងអភិវឌ្ឍន៍ធំៗត្រូវបានប្រកាស ឬ ដាក់ឲ្យដំណើរការ វាតែងធ្វើឲ្យតម្លៃដីនៅជំវិញនោះកើនឡើងដែរ គ្រាន់តែខុសគ្នាត្រង់ថាតើវានៅជិត ឬ នៅឆ្ងាយពីគម្រោងអភិវឌ្ឍន៍»។
នៅពេលដែលលោក ស៊ឺន សុន ស្វែងយល់ថាទីក្រុងភ្នំពេញនឹងបន្តពង្រីកនឹងមានការវិនិយោគជាបន្តបន្ទាប់លើការកែលម្អរផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ លោករំពឹងថាដីរបស់គាត់នឹងត្រូវដោយសំណង់លំនៅដ្ឋាន និង អគារពាណិជ្ជកម្ម។
លោកបន្តថា៖«ខ្ញុំអត់ទាន់ចង់លក់ដីហ្នឹងឥលូវទេ។ ខ្ញុំជឿថា តម្លៃនឹងមានការកើនឡើងទៀតនៅថ្ងៃខាងមុខ»៕
ស្វែងរកអចលនទ្រព្យនៅខណ្ឌដង្កោ ឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! អានអត្ថបទ មហាវិថី សម្តេច ហ៊ុន សែន ក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង។
Comments