រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថានដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រសិដ្ឋទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
តាមប្រភពសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (ក.អ.ឆ.ក) បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយត្រូវ ៖
- រៀបចំលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រដែលមានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ និងបណ្តោយប្រវែង២៧០០ម៉ែត្រដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អសម្រាប់ឆ្នេរខ្សាច់កម្សាន្តសាធារណៈ
- រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង៥០ម៉ែត្រ និងបណ្តោយប្រវែង២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ
- ថវិការសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ ។
គម្រោងអនុវត្តកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈនេះគឺដើម្បីពង្រឹងឆ្នេរខ្សាច់ឱ្យកាន់តែធំទូលាយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតមុខរបរបន្ថែមជូនប្រជាពលរដ្ឋដែលនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ ៕
Comments