+85561 777 090
Logo
តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ
Updated on: June 6, 2022, 5:00 p.m.
Published on: December 27, 2021, 6:41 a.m.

តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ


ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យដែលមាន ដី, ផ្ទះ, អគារ និងប្រភេទសំណង់ផ្សេងៗដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា៤ភាគរយទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យក្នុងទម្រង់ជាការលក់, អំណោយ, វិភាគទានជាភាគហ៊ុន, ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការ​ផ្ទេរសិទ្ធិកាន់​កាប់ទ្រព្យ​សម្បត្តិនឹងត្រូវលើកលែងបន្តដោយរដ្ឋាភិបាលនឹងបន្តគោលការណ៍នេះទៀត ដោយរដ្ឋាភិបាលសម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រារហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើតាមលិខិតលេខ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ។

Stamp tax

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធ​ស្ថានភាពថ្មីៗចុងក្រោយដែលបានប្រព្រឹត្តិទៅនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ឆ្នាំ២០២០ កន្លង​ទៅ គោលបំណងនៃការលើកលែងពន្ធប្រថាប់ត្រានេះជាការធ្វើឱ្យ​អ្នកដែលជាម្ចាស់​អភិវឌ្ឍន៍​អចលទ្រព្យខ្នាតមធ្យម រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និងរួចពន្ធ ។

តាមប្រសាសន៍របស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ បានឱ្យដឹងថា ការលើកលែងពន្ធប្រថាប់ត្រា​សម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ២០២១ នេះនោះទេ ។ រដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀតដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩ ។

Stamp Tax

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិកនឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវ​ការ​ពីអគ្គនាយកដ្ឋានពន្ធដារ ។

ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិកត្រូវបានលើកលែងក្នុងរយៈពេលមួយឆ្នាំកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ ២០២១ ។ ក្រោយមករដ្ឋសម្រេចបន្ដលើកលែង១ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ២០២១ ហើយការប្រកាសថ្មីរបស់​រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ​គឺជាគោលការណ៍លើកលែងបន្ដដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

ការអនុគ្រោះពន្ធឱ្យបង់ប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះធ្វើឡើងសម្រាប់២ករណីប៉ុណ្ណោ៖ ទី១- អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុត និងទី២- អចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប្លង់រឹង) ដែលផ្ទេរបន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ប៉ុន្តែការផ្ទេរនោះធ្វើឡើងមុនឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅការអនុគ្រោះនេះនឹងបញ្ឈប់លែងមានហើយការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន ៕

Comments