សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា ។
តាមប្រភពលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប្រាប់ថា ត្រូវរកចំណុចកណ្តាលរួមមួយរវាងឬសគល់នៃបញ្ហានេះព្រោះថាម្ចាស់បុរីក៏រងសម្ពាធពីធនាគារដែរ ។ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ រីឯធនាគារក៏គួរសម្របសម្រួលទៅម្ចាស់បុរីដែរនៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា ។
ដោយឡែកបើតាមលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតបានគាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់បុរីរឹបអូសផ្ទះពលរដ្ឋជាអតិថិជនដែលបង់ប្រាក់រំលស់មិនទាន់ពេល ។ ប៉ុន្តែលោកឧកញ៉ាគូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯងក៏គួរតែមានទំនួលខុសត្រូវផងដែរព្រោះថា បើសិនជាមិនបង់សោះក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយដែលអាចធ្វើទៅបាន។
លោកឧកញ៉ា គឹម ហ៊ាង បន្តថាស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់បុរីខ្ចីលុយធនាគារដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះប្រសិនបើចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារក៏មានបញ្ហាដូចគ្នា ។
គួរម្លឹកផងដែរថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញដែលអស់លទ្ធភាពបង់បន្តកើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះមានការផ្ទុះខ្លាំងរហូតដំណឹងនេះជ្រាបដល់សម្តេចតេជោ ហ៊ុន សែន ។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ដោយអំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាពដែលអាចទទួលយកបាន ប៉ុន្តែអ្នកទិញត្រូវតែមានទំនួលខុសត្រូវផងដែរ ៕
តើលោកអ្នកកំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? សូមចុចប៊ូតុងខាងក្រោមពួកយើងនឹងជួយលោកអ្នក !
Comments