ផ្សារ Quayside 313 គឺជាមជ្ឈមណ្ឌលលក់ទំនិញដែលថ្មី និងមានប្រជាប្រិយភាពក្នុងតំបន់មាត់ទន្លេ
ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់សកម្មភាពពាណិជ្ជកម្មភាគច្រើននៅកម្ពុជា។ យោងតាមរបាយការណ៍ ក្រុមហ៊ុន The Mall Company (TMC) ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យប្រភេទពាណិជ្ជកម្ម និងហាងលក់ទំនិញនៅប្រទេសកម្ពុជា ហាងលក់អាហារនិងភេសជ្ជៈមានចំនួន ៥៨% ក្នុងរាជធានីភ្នំពេញគិតត្រឹមឆមាសទី៤ នៃឆ្នាំ២០២០ ។ ក្រៅពីនោះ ហាងលក់សម្លៀកបំពាក់ស្ថិតនៅលំដាប់ទី២ ដែលស្មើនឹង២១% និងហាងថែរក្សាសម្រស់និងសុខភាព ធ្លាក់នៅលំដាប់ទី៣ស្មើនឹង៩%។
តូបលក់អាហារ និងភេសជ្ជៈដែលស្ថិតនៅក្នុងផ្សារទំនើបទាំងនោះពឹងផ្អែកលើការចរាចរណ៍របស់ អតិថិជន។ ការធ្លាក់ចុះនៃចំនួនអតិថជននៅតាមបណ្ដាផ្សារទំនើបក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ នេះ បានជះឥទ្ធិពលអវិជ្ជមានដល់បិរមាណនៃការលក់ដែលជាហេតុបណ្ដាលឲ្យហាងមួយចំនួនត្រូវ ផ្អាកដំណើរការ។
ដោយមិនមានគម្រោងថ្មីលេចរូបរាងនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ទេ នាំឲ្យហាងទំនិញសរុបមាន ផ្ទៃក្រឡា ៣៧០,៧៨១ម៉ែត្រការ៉េ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន TMC បានបង្ហាញអំពីថា ដោយសារតែមានការគម្រាមកំហែងនៃកូវីដ-១៩ បានធ្វើឲ្យសកម្មភាពអាជីវកម្មនៅតាមបណ្ដាហាង ទំនិញមានការអត្រាធ្លាក់ចុះសឹងពេញមួយឆ្នាំ២០២០នេះ។ ក្រុមហ៊ុននេះបានពន្យល់បន្ថែមទៀតថា កន្លែងលក់ទំនិញដែលនៅទំនេរមានការកើនឡើងរហូតដល់ ៨៥%ដែលស្មើ១៦,២៤៧ម៉ែត្រការ៉េ
បើធៀបក្នុងឆ្នាំ២០១៩ មានទំហំត្រឹម ៨,៧៦០ម៉ែត្រការ៉េប៉ុណ្ណោះ។
ហាងលក់ទំនិញនៅក្នុងខណ្ឌចំការមនមានផ្ទៃក្រឡាប្រមាណ ៤,៨២៥ ម៉ែត្រការ៉េ ឬ៣០%នៃទំហំហាងលក់ទំនិញសរុបក្នុងឆ្នាំ២០២០។ ខណ្ឌបន្ទាប់ទៀតមានខណ្ឌមានជ័យ ដែលមានផ្ទៃក្រឡាជាភាគរយ ១៦% ចំណែកខណ្ឌ៧មករាស្មើ ១៤% និងខណ្ឌទួលគោក ១២% ដែលធ្លាក់ចុះបន្តគ្នាជាលំដាប់។ នៅពេលនិយាយអំពីទម្រង់នៃហាងលក់ទំនិញ មានដូចជាផ្សារសហគមន៍ត្រូវបានគេមើលឃើញថានៅទំនេរច្រើនជាងគេក្នុងទៅក្រុង ដែលមានទំហំរហូតដល់ ៩,៥៦៥ម៉ែត្រការ៉េឬ ៥៩%នៃទំហំហាងទំនិញសរុបដែលនៅទំនេរមិនមាន សកម្មភាពអាជីវកម្ម។ ចំណែកកន្លែងលក់ទំនិញនៅក្នុងផ្សារទំនើបវិញមានភាពល្អប្រសើរជាង ដោយមានហាងទំនិញដែលនៅទំនេរត្រឹមតែ ៣,០៩១ម៉ែត្រការ៉េប៉ុណ្ណោះគិតក្នុងឆ្នាំ២០២០។
លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall បានមានប្រសាសន៍ថា៖
“ ហាងលក់ទំនិញនៅក្នុងផ្សារទំនើបដូចជាផ្សារ អុីអន ដែលលក់ដាច់និងល្បីឈ្មោះ ផ្នែកហិរញ្ញប្បទាន ប្រតិបត្តិករ ហាងទំនិញមានយីហោផ្តាច់មុខល្បីៗ រួមទាំងផ្សារទំនើបបែបសហគមន៍រួមក៏មានសកម្មភាពធ្លាក់ចុះខ្លាំងដូចគ្នាដែរ” ។
ទោះបីជាមានការកើនឡើងរហូតដល់ ៨៥% នៃហាងទំនិញដែលនៅទំនេរ របាយការណ៍របស់ ក្រុមហ៊ុន TMC បានពន្យល់ថានេះអាចជាឱកាសសម្រាប់អាជីវករដែលមានដើមទុន សមរម្យ នឹងកំពុងចង់ស្វែងរកហាងដែលមានទីតាំងល្អដែលពីមុនមិនអាចរកបាន ឬនៅក្នុងគម្រោងថ្មីៗ ជាពិសេសនោះគឺតម្លៃជួលអាចចរចាបានក្នុងអត្រាការប្រាក់ទាបជាងពេលមុនមានករណីកូវីដ-១៩។
Comments