+85561 777 090
Logo
បារាំងចង់វិនិយោគលើគម្រោងទឹកស្អាតនៅខេត្តព្រះសីហនុ
Updated on: May 9, 2022, 6:02 a.m.
Published on: November 14, 2019, 4:36 a.m.

បារាំងចង់វិនិយោគលើគម្រោងទឹកស្អាតនៅខេត្តព្រះសីហនុ


លោកគួច ចំរើន និងលោកស្រី Eva Nguyen Binh

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​បានថ្លែងថា ក្រុមហ៊ុន​បារាំង​មាន​បំណង​វិនិយោគ​ផ្នែក​ទឹកស្អាត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយសារតែគម្រោងវិនិយោគកើនឡើងយ៉ាងគំហុកនៅ​ខេត្តព្រះសីហនុធ្វើឲ្យខេត្តមួយនេះ​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់។

ថ្លែងក្នុងជំនួប​ជាមួយនឹង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ លោកស្រី ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​​លឿន។​ លោកស្រី​បន្តថា ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​សហការ​ជាមួយ​កម្ពុជា លើ​គម្រោង​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយក៏​ចង់​មក​វិនិយោគ​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុផងដែរ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង និង​ការអភិវឌ្ឍ​យ៉ាង​លឿន បញ្ហា​ទឹកស្អាត​ក៏​ជា​តម្រូវការ​មួយ​ផងដែរ​។​​

បន្ថែមលើនេះ លោកស្រីថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្ត​ព្រះសីហនុ គឺដើម្បី​ពិនិត្យមើល​គម្រោងមួយចំនួន ដែលអភិវឌ្ឍន៍ដោយ​សហគ្រាស​បារាំង​ និងពិនិត្យមើលគម្រោង​អភិវឌ្ឍ​មួយចំនួនទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ។

វិនិយោគមកពីបារាំងបានរួមចំណែកអភិវឌ្ឍន៍ជាច្រើននៅខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា រួមមានគម្រោង អភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កោះឫស្សី អាកាសយានដ្ឋានអន្តរជាតិ ខេត្ត​ព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​ន៍មួយចំនួនទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ឆ្លើយតបទៅនឹងការលើកឡើងនេះ​ លោក គួច ចំរើន បាន​ថ្លែងថា សម្រាប់​ខេត្ត​ព្រះសីហនុ មាន​ សមិទ្ធផល​របស់​បារាំង​ ដូចជា​ ទំនប់ ប៊ុល​ឌែ នៅ​ស្រុក​ព្រៃនប់ មាន​សារសំខាន់​ណាស់​សម្រាប់ឱ្យ​ប្រជាកសិករ​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី ១៥,០០០​ ហិកតា ដោយសារតែ​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​ទំនប់​នេះ មានការ​ខូចខាត​នៅ​កន្លែង​មួយចំនួន ម្យ៉ាងទៀត​ទំនប់ប៊ុល​ឌែ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ដែល​កន្លងមក​ក្រសួង​ធន​ធន​ទឹកបាន​ធ្វើការ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។

​លោកបាន​លើកឡើង​ពី​កត្តា​ភូមិសាស្ត្រ និង​សក្ដានុពលរបស់​ខេត្ត ដែលមាន​ឆ្នេរសមុទ្រ ១៧៥​ គីឡូម៉ែត្រ កោះ ៣២ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គម្រូ​ពហុ​បំណង​ដែលមាន​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​មាន​កំពង់ផែ​ទឹក​ជ្រៅ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ និង​អាច​រួចរាល់​នៅ​ចុងឆ្នាំ​២០២២ ។

ដោយឡែករាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សម្បទាន​ព្រលាន​យន្តហោះ​អន្តរជាតិខេត្ត​ព្រះសីហនុទៅឱ្យ​ក្រុមហ៊ុន​បារាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ជំរុញ​អភិបាលកិច្ច។ បច្ចុប្បន្ន​មាន​ប្រជពលរដ្ឋ​បារាំង​មកវិនិយោគនៅ​ខេត្ត​ព្រះសីហនុ ដោយ​បង្កើត​ជា​ក្លឹប និងភោជនីយដ្ឋាន ជាដើម ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!

ចុះឈ្មោះចូលរួមពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩

Comments