អគ្គនាយកដ្ឋានពន្ធដារបានធ្វើការជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ត្រូវធ្វើការបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះឱ្យបានមុនថ្ងៃកំណត់ ពុំដូច្នេះទេនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែល Realestate.com.kh ទើបតែទទួល ។
តាមប្រពន្ធសេចក្តីជូនដំណឹងស្តីពី «ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២» បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដដែលបានបញ្ជាក់ផងដែរថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។
សូមបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរត្រូវបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ ។
ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃទិញដីប្រើប្រាស់ ដោយរងចាំតម្លៃឡើងថ្លៃ ហើយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕
អត្ថបទដោយ ៖
Comments