ខេត្តកំពុងស្ពឺដែលធ្លាប់តែជាខេត្តមួយសម្បូរដីវាលស្រែដើមត្នោតដុះពាសវាលពាសកាល ប៉ុន្តែនាពេលបច្ចុប្បន្នខេត្តមួយនេះបានប្រែក្លាយខ្លួនទៅជាខេត្តសរសៃរឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះដោយសារតែមានសក្តានុពលបានធ្វើឱ្យខេត្តកំពុងស្ពឺទាក់ទាញគម្រោងវិនិយោគធំៗជាច្រើនទៅធ្វើការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ។
ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ និងចិនបានបណ្តាក់ទុនវិនិយោគប្រមាណជាង៥០លានដុល្លារលើការបង្កើតក្រុមហ៊ុនថ្មីចំនួន៦នៅលើទឹកដីនៃខេត្តកំពង់ស្ពឺដែលអាចបងកើតការងារបានរង្វង់ពី៦០០០ទៅ១ម៉ឺនកន្លែងឯណោះ ។ នេះបើយោងតាមជូនដំណឹងរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង ក៏បានឱ្យដឹងតាមរយៈហ្វេសប៊ុកផេកផ្លូវការបស់លោកយ៉ាងដូច្នេះថា ៖ «សូមស្វាគមន៍ការអញ្ជើញមកកាន់ទឹកដីខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនយូម៉ាក!!! នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តាមរយៈតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និង ចិន បានបញ្ជាក់ថាលោកនឹងនាំរោងចក្រចំនួន៦ ( ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ ) មកកាន់ទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគប្រហែលជាង៥០លានដុល្លារសហរដ្ឋអាមេរិក។នឹងអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី៦០០០ ទៅ១ម៉ឺនកន្លែង» ។
ខេត្តកំពង់ស្ពឺបានក្លាយទៅជាប៉ូលសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ ខេត្តនេះកំពុងមានសក្តានុពលខ្លាំងក្នុងផ្នែកឧស្សាហកម្មរោងចក្រ ដែលវិស័យនេះបានជួយកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ ត្រឹមដើមឆ្នាំ២០២៣ ខេត្តនេះទទួលបានគម្រោងបង្កើតរោងចក្រសហគ្រាសជិត១០ដែលសុទ្ធសឹងជាគម្រោងធំៗសរុបមានតម្លៃរាប់សិបលានដុល្លារ ដោយបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់រាប់ម៉ឺននាក់ ៕
Comments