+85561 777 090
Logo
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
Updated on: October 27, 2023, 9:38 a.m.
Published on: October 27, 2023, 9:38 a.m.

មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន


កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីបើកសិទ្ធិឱ្យជនបរទេសអាចធ្វើការទិញដី និងលំនៅឋានក្នុងគម្រោងបុរីបានដើម្បីជាយន្តការក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ។

ជុំវិញកិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ ។

ទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ ៕

Comments