កាលពីឆ្នាំ២០២១កន្លងទៅនេះ ប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ-១៩ដែលបង្កផលប៉ះពាល់ជាសកល ដែលធ្វើឱ្យមានការរាំងស្ទះលើគ្រប់វិស័យមិនថា តែវិស័យអចលនទ្រព្យ និងការសាងសង់នោះទេ សុទ្ធសឹងតែត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនទាំងអស់ ។
ប៉ុន្តែសម្រាប់ការបើកស្វាគមន៍នូវទំព័រថ្មីនៃឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនកាដូរថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋ២ខេត្ត (ព្រះសីហនុ-កោះកុង) ដោយបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់រវាងខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ។
នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ដែលមានប្រវែង១៤៨គីឡូម៉ែត្រ ។
ផ្លូវជាតិលេខ៤៨នេះចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គម្រោងផ្លូវនេះរួមមាន ៖ ផ្លូវ២គន្លងមានប្រវែង១២២.៩គីឡូម៉ែត្រដែលទទឹងផ្លូវ១១ម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង២៥.១គីឡូម៉ែត្រដែលមានទទឹងចាប់ពី១៨.៥ម៉ែត្រដល់២១.៥ម៉ែត្រ ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ៕
Comments