+85561 777 090
Logo
ដំណឹង​ល្អ ! រដ្ឋ​នឹង​ធ្វើ​ទំនើប​កម្ម​កែ​ផ្លូវដែក​ចាស់​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន
Updated on: June 1, 2022, 3:05 a.m.
Published on: April 28, 2022, 3:40 a.m.

ដំណឹង​ល្អ ! រដ្ឋ​នឹង​ធ្វើ​ទំនើប​កម្ម​កែ​ផ្លូវដែក​ចាស់​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន


រាជធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ផ្លូវដែក​ចាប់ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត នៃ​ខេត្តបន្ទាយមានជ័យ និង​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​សិក្សា​កែ​លម្អ​ផ្លូវដែក​នេះ​ឱ្យទៅ​ជា​ផ្លូវដែក​ដែល​មាន​ល្បឿន​លឿន​វិញ ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹងផង​ដែរ​ថា កម្ពុជា​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន​សម្រាប់​គាំទ្រ​ដល់​វិស័យ​ដឹក​ជញ្ជូន (Logistics) ។

ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បច្ចុប្បន្ន​យើង​កំពុង​សិក្សា​កែ​ផ្លូវដែក​យើង​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន ដោយ​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត និង​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ហើយ​ផ្លូវដែក​នឹង​ចូល​ដល់​កំពង់​ផែ​ព្រះ​សីហ​នុ​តែ​ម្តង​» ។



ការ​ពិនិត្យ​លទ្ធភាព​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន​នេះ ស្រប​ពេល​កម្ពុជា​-​ថៃ​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណ​ង​អៀន ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែ​ត​-​អារញ្ញ​ប្រា​ថេ​ត ។

ការ​សិក្សា​ធ្វើ​ទំនើប​កម្ម​កែ​លម្អ​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ស្វែងរក​ដៃគូ​សហការ​មក​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចាស់​ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដើម្បី​បម្រើ​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ផង​ក៏​ដូច​ជាត​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង​ផង ។

ហើយ​ក្នុង​នោះ​ផង​ដែរ ភាគី​ខាង​ប្រទេស​ថៃ​តាម​រយៈ​គម្រោង​ទាំង​ពីរ​នេះ​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​ដែក​រ៉ៃ​ដែល​ប្រើប្រាស់​រួច​ប្រវែង​១៤០​គីឡូម៉ែត្រ រួម​ទាំង​កំណល់ និង​ក្រចាប់​ដែល​ជា​ប្រយោជន៍​សម្រាប់​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕

Comments