ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។
ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។ អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។
អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។
បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទាប់គឺ Arata Garden Residences។”
អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”
“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"
លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/news
រថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។
ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។
យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មានអនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA), គេហទំព័រអចលនទ្រព្យ Juwai.com, សារព័ត៌មាន Asian Property Review, Property Report កាសែត Khmer Times កាសែត La Reine
“ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”
បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕
Comments