ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន អ្នកវិនិយោគបរទេសជាច្រើនពោរពេញទៅដោយទំនុកចិត្តខ្ពស់លើការវិនិយោគក្នុងទីក្រុងភ្នំពេញ ស្របពេលវិស័យអចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះខ្លាំង ។
ក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារិមធំជាងគេលើពិភពលោកនឹងបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ ។ នេះជាជំហានដំបូងសម្រាប់ IKEA ក្នុងការចូលមកក្នុងប្រទេសកម្ពុជា ។
យោងតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារឹម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។
ក្នុងជំនួបកិច្ចប្រជុំនោះ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ៖«ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា» ។
ជាកិច្ចឆ្លើយតបពេលនេះក្រុមហ៊ុន IKEA របស់ស៊ុយអែតបានចាប់ផ្តើមឈានជើងចូលប្រទេសកម្ពុជាដែលត្រៀមសម្រាប់ផ្គត់ផ្គង់លើសម្ភារៈ និងគ្រឿងសង្ហារឹមផ្សេងស្តង់ដារអន្តរជាតិសម្រាប់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសញ្ហាវិជ្ជមានមួយសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។
តាមរយៈទិន្នន័យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាក្នុងឆមាសទី១នៃឆ្នាំ២០២១ ការនាំចូលសម្ភារៈសំណង់របស់កម្ពុជាបានកើនឡើង ១៦% ហើយគម្រោងសាងសង់ក្នុងស្រុកសំខាន់ៗទាំងអស់បានសម្របតាមវិធានការថ្មីក្រោមស្ថានភាពជំងឺរាតត្បាត ។ នេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យដែលនឹងងើបឡើងវិញជាបណ្តើរៗ ។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន៦៤លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន២៣លានដុល្លារអាមេរិក ៕
Comments