+85561 777 090
Logo
អ្នក​ជំ​នាញ​៖ ការ​ដំ​ឡើង​ពន្ធ​លើ​វិ​ស័យ​អចល​ន​ទ្រព្យ​ហាក់​មិន​ស័ក្ក​សម​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន
Updated on: June 6, 2022, 5:02 p.m.
Published on: September 17, 2019, 6:34 a.m.

អ្នក​ជំ​នាញ​៖ ការ​ដំ​ឡើង​ពន្ធ​លើ​វិ​ស័យ​អចល​ន​ទ្រព្យ​ហាក់​មិន​ស័ក្ក​សម​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន


អត្ថបទព័ត៌មានTaxation department in Phnom Penh

អ្នក​ជំ​នាញ​​ក្នុងវិស័យអចលនទ្រព្យ​បាន​លើក​ឡើង​ជា​ក្តី​បារម្ភ​​ថាការ​ដាក់​ចេញ​ប្រ​ភេទ​​ពន្ធថ្មី​ណា​មួយ​លើ​ប្រ​តិ​បត្តិ​ការ​វិ​ស័យ​នេះនឹង​​មិន​សម​ស្រប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ននោះ​ទេ ហើយ​វា​​​​​អាចជា​កត្តា​រារាំងដល់ការរីកចម្រើនរបស់​វិស័យនេះ។

ការ​លើក​ឡើង​​នេះត្រូវបានធ្វើ​​ឡើងបន្ទាប់​ពី​កាល​ពី​ដើមខែនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍មួយដែលលើកឡើងថាប្រទេសកម្ពុជាគួរតែបង្កើន ចំណូលពន្ធលើវិ​ស័យ​អចលនទ្រព្យដើម្បីជាការផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍​​លើហេដ្ឋារចនាសម្ព័ន្ធ។

របាយ​ការណ៍​កម្រាស់​ ២៦ ទំព័រ បាន​បញ្ជាក់​ថា ប្រាក់ចំណូលពន្ធលើអចលនទ្រព្យនៅកម្ពុជា មានចំនួនត្រឹមតែ ០.១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) ដែល​​ជាកម្រិតទាបណាស់ធៀប​ជា​មួយ​បណ្តា​​ប្រ​ទេសអាស៊ាន។ IMF ក៏​បាន​លើក​ឡើង​ជា​យោបល់​ថា ការបង្កើនប្រាក់ចំណូលពន្ធលើអចលនទ្រព្យដល់ ០.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបនឹងជួយឱ្យសេដ្ឋកិច្ចកើនឡើង ២.៧ ភាគរយ។

យ៉ាង​ណា​ក៏​ដោយ លោក ង៉ែត ជូ អ្នក​​​ប្រឹក្សា​ឯករាជ្យផ្នែក​ហិរញ្ញវត្ថុនិងអចលនទ្រព្យ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវ​មួយ​ដែល​ត្រូវ​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ ដោយ​​សារកត្តាជាច្រើន។ លោកបានលើកឡើងពីភាព​មិន​ច្បាស់​លាស់​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​បាត់​បង់​ កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ​ (EBA) ពីអឺរ៉ុបដែលអាច​ប៉ះ​ពាល់​ដល់​វិ​ស័យ​នេះ។

លោក​បញ្ជាក់​ថា​៖​«​ម្ចាស់អចលនទ្រព្យជា​ច្រើន​មិនត្រឹមតែបង់ពន្ធដោយផ្អែកលើតម្លៃមូលដ្ឋាននៃអចលនទ្រព្យនោះទេ តែ​​ភាគច្រើនពួក​គេ​បាន​បង់ថ្លៃសេវាបន្ថែមរួច​ស្រេច​ទៅ​ហើយ​ ដល់មន្រ្តីដើម្បីធានាថាដំណើរការបានលឿន»​​​។ លោកបន្ថែមថាការចំណាយបន្ថែមណាមួយនឹងអាច​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​នេះ​ត្រូវធ្លាក់ចុះទៅ​វិញ។

លោក​បន្ត​ថា​៖​«​​គួរតែមានការសិក្សានិងការពិចារណាឲ្យ​ល្អិត​ល្អន់​សិន​​និង​ចាំមើល​ថា​ EBA នឹង​បាត់​បង់​ឬយ៉ាង​ណា​ ដើម្បីពិនិត្យមើលថាតើមានផលប៉ះពាល់ដែរ​ឬ​ទេ​​​ដល់សេដ្ឋកិច្ច»។

​លោកជូបានបន្ថែមទៀតថាថ្មីៗនេះរដ្ឋាភិបាលបានកែសម្រួលតម្លៃមូលដ្ឋានអចលនទ្រព្យ សម្រាប់ការគណនាពន្ធ ហើយពន្ធត្រាប្រ​ថាប់​ត្រា​ ៤ ភាគរយគឺជា​អត្រា​ដ៏​ខ្ពស់​​មួយ​រួច ទៅហើយ។ ដូច្នេះលោក​បន្ត​ថា ​វាមិនមែនជាពេលវេលាសមស្របទេក្នុងការតំឡើងពន្ធលើអចលនទ្រព្យនា​ពេល​នេះ។

ការតំឡើងពន្ធលើអចលនទ្រព្យពន្ធ ឬ​ពន្ធ​អាករលើតម្លៃ​បន្ថែម

ចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា របាយ​ការណ៍​​របស់ IMF ដែលមានចំណងជើងថាការជំរុញកំណើនសេដ្ឋកិច្ចរួមនៅក្នុងប្រទេសកម្ពុជាវិភាគថា​ការតំឡើងពន្ធលើអចលនទ្រព្យពន្ធ ឬ​ពន្ធ​អាករលើតម្លៃ​បន្ថែម ឬពន្ធលើប្រាក់ចំណូលអាចជួយ​ដល់​ការ​បង្កើន​​ថវិកាសម្រាប់ការ​​ចំណាយហេដ្ឋារចនាសម្ព័ន្ធ។​

ហេដ្ឋារចនាសម្ព័ន្ធដែលបានពង្រឹងអាចជួយបង្កើនប្រាក់ចំណូលជាពិសេសនៅតំបន់ជនបទ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារនៃផលិត​ផល និង​សេវា​កម្ម​របស់​ពួក​គេ។

របាយការណ៍បានបន្ថែម​ថា​៖​«​​ការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគទាំងនេះតាមរយៈការ យកពន្ធលើប្រាក់ចំណូលដូចជាពន្ធលើអចលនទ្រព្យអាចជួយកាត់បន្ថយវិសមភាព បន្ថែមទៀត»​។

ការកៀរគរប្រាក់ចំណូលពី​ពន្ធ​របស់ប្រទេសកម្ពុជាមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០០៧ ប្រាក់ចំណូលពន្ធមានចំនួនតិចជាង ១០ ភាគរយនៃ GDP ខណៈឆ្នាំ ២០១៧ វាបានកើនឡើងដល់ប្រហែល ១៧ ភាគរយ​នៃ GDP ដែល​ជា​ផល​ធៀប​មួយ​​ខ្ពស់​ក្នុង​ចំណោមបណ្តា​ប្រ​ទេស​នៅ​​អាស៊ាន។

អត្រាពន្ធអចលនទ្រព្យនៅថេរតាំងពីឆ្នាំ២០១២

លោក លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវ៉ានស៍ រៀលអ៉ីស្ទេត បានស្នើរ​ឲ្យ​មាន​ការ​ពិ​ចារណា​ឲ្យ​បាន​ល្អិត​ល្អន់​សិន​​មុន​នឹង​សម្រេច​ធ្វើ​​ការតំឡើងពន្ធលើអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។

លោកបានពន្យល់ថាបច្ចុប្បន្ននេះមានពន្ធលើអចលនទ្រព្យមាន​ចំនួនពីរប្រភេទធំៗ​ គឺពន្ធលើកម្មសិទ្ធិលើអចលនទ្រព្យ និងពន្ធ​លើ​​ការផ្ទេរកម្ម​សិទ្ធ​​។ លោក​បន្ត​ថា នៅក្នុងខែមិថុនាឆ្នាំនេះនាយកដ្ឋានពន្ធដារបានបង្កើនអត្រាពន្ធផ្ទេរប្រាក់ តែនៅ​រក្សា​អ​ត្រាពន្ធអចលនទ្រព្យនៅតែដដែលដូច​អត្រា​ចាប់តាំងពីឆ្នាំ២០១២។

អចល​ន​ទ្រព្យ​​ដែលមានតម្លៃក្រោម ២៥,០០០ ដុល្លារអាមេរិកត្រូវបានរួចផុតពី ពន្ធអចលនទ្រព្យ។

លោកបានមានប្រសាសន៍ថា​៖​«​​ប្រសិនបើរដ្ឋាភិបាលចង់បង្កើន​ចំណូល​ពី​​ពន្ធលើអចលនទ្រព្យ គួរ​ពិនិត្យ​​ដំឡើងតម្លៃអចលនទ្រព្យឲ្យ​ស្របតាមតម្លៃទីផ្សារនា​ពេល​បច្ចុប្បន្ន ឬក៏​​អាចបង្កើនកម្រិតជាប់​ពន្ធ​​ពី ២៥,០០០ ដុល្លារទៅ ៥ ម៉ឺនដុល្លារ»​។

លោកឌិត ចាន់ណា នាយកប្រតិបត្តិក្រុមហ៊ុនឡាក់គីរៀលធីខូអិលធីឌី មានប្រសាសន៍ថាប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តធ្វើតាមការ​លើក​ឡើង​​របស់ IMF រដ្ឋា​ភិ​បាល​នឹងទទួលបាន ចំណូល​ច្រើនជាង​មុន ប៉ុន្តែប្រជាជនអាចប្រឈមនឹងផលប៉ះពាល់អវិជ្ជមាន។

លោក​បន្ត​ថា​៖​«​រដ្ឋាភិបាលគួរ​​ត្រូវការពេលវេលាដើម្បីពិភាក្សាខ្ញុំគិតថាការដំឡើងពន្ធលើអចលនទ្រព្យគឺល្អសម្រាប់រដ្ឋាភិបាលប៉ុន្តែសម្រាប់ប្រជាជនវានឹងជះឥទ្ធិពលដល់ពួកគេ»៕

តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 

ចុះឈ្មោះចូលរួមពិព័រណ៍

Comments