+85561 777 090
Logo
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
Updated on: September 7, 2022, 10:01 a.m.
Published on: September 6, 2022, 8:06 a.m.

កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ


ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការកែលម្អរៀបចំឆ្នេរចំនួន២កន្លែងសម្រាប់ទុកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ​លម្អែកំសាន្ត និងសម្រាប់ទុករៀបចំពិធីផ្សេងៗជាដើម ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។

ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតក៏ដូចសាធារណៈជន​អំពី​គម្រោង​របស់​ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀប​ចំពិធី​ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង ៖

គម្រោងទី១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ ។
គម្រោងទី២ ៖ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ ។

ឯកឧត្តមអភិបាលខេត្តកំពតក៏បានសំណូម​ពរ​ដល់​ប​ងប្អូន​ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួប​រួមសាម​គ្គីគ្នា យក​អាសារ​គ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពី​ប្រពៃណី​ថ្លៃថ្នូរ​​របស់ជាតិ​​យើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឱ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើក​កម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារ​យើង​​ទាំងអស់គ្នា​ទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ៕

Comments