+85561 777 090
Logo
ទុកឱសានវាទឱ្យ៣ខែ ! បើម្ចាស់បុរី និងម្ចាស់អគារនានាមិនធ្វើរឿងនេះទេនឹងចាត់ការតាមច្បាប់
Updated on: June 6, 2022, 3:51 p.m.
Published on: December 29, 2021, 6:55 a.m.

ទុកឱសានវាទឱ្យ៣ខែ ! បើម្ចាស់បុរី និងម្ចាស់អគារនានាមិនធ្វើរឿងនេះទេនឹងចាត់ការតាមច្បាប់


ក្រោយបុរីជាច្រើនមានបញ្ហាទាក់ទងទៅនឹងការគ្មានសេវាទូរសព្ទសម្រាប់ប្រើប្រាស់ និងត្រូវបង្ខំឱ្យប្រើប្រាស់​សេវាអុី​ន​ធើណេត​ផ្តាច់មុខរបស់ក្រុមហ៊ុនមួយដែលធ្វើឱ្យពិបាកក្នុងការប្រើប្រាស់ និងមិនមានតម្លាភាព ។ ពេលនេះ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីព្រមានដោយទុករយៈពេល៣ខែចុងក្រោយ ដើម្បីឱ្យ​ប្រតិបត្តិករ​សេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវាទូរសព្ទ​នៅក្នុងបុរី​នានា​ទាំងអស់ បើផុតកំណត់នេះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

Press Release about internet service provider in Borey and Condo

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្លាប់បានចេញសេចក្តីណែនាំស្តីពី «វិធានការបង្កើនប្រសិទ្ធភាព និង​ពង្រឹង​គុណភាពសេវាទូរគមន៍» ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម​ប្រកប​ដោ​​យសុចរិតភាព និងការទទួលខុស​ត្រូវចំពោះសង្គម​តាមរយៈការបង្កើនប្រសិទ្ធភាពនៃការ​ផ្តល់សេវា​ទូរគមនាគមន៍ និង​ពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអុីនធើណេត ។

Borey

រូបតំណាង

កាលពីខែវិច្ឆិកាកន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានដាក់ចេញវិធានការថ្មី៦ចំណុច​ ដើម្បីពង្រឹងគុណ​ភាព​សេវាទូរសព្ទ និងអុីនធើ​ណេត​នៅ​តាមបុរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាត​មិនឱ្យមានការផ្ដល់​សេវា​ផ្ដាច់​មុខឡើយ ។

Prese Release

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៦១៨ សជណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាមជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវវិធានការទាំង៦ចំណុចរួមមាន ៖

១- ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអុីនធើណេត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យ​លើ​ការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។

២- ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអុីនធើណេតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៣- បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទ​ចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៤- អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអុីនធើណេតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។

៥ -ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអុីនធើណេត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអុីនធើណេតនៅក្នុងអគារ។

៦- ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូលផ្គត់ផ្គង់ ចែកចាយលក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ ។

Chea Vandeth

ឯកឧត្តម ជា វ៉ាន់ដេត

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី២៥ ធ្នូ កន្លងទៅបានលើក​ឡើង​ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអុីនធេីណេតថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការ​សិក្សា​ក្នុងអំឡុងពេលកូវីដ-១៩ ។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ ។

Internet Service Provider

ឯកឧត្តមបានបន្តថា ៖ «ក្រសួងបាន និងកំពុងដោះស្រាយជាបន្ដបន្ទាប់ ។ កន្លងមក ក្រសួងបានបំពាក់​ឧបករណ៍​វាស់ស្ទង់​គុ​ណ​ភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ។

Borey

រូបតំណាង

សូមបញ្ជាក់ផងដែរថា នេះជាការទុកឱសានវាទរយៈពេល៣ខែសម្រាប់ម្ចាស់បុរី និងអគារសហកម្មសិទ្ធនានា​ដើម្បីឱ្យ​ប្រតិបត្តិករ​សេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវា​ទូរសព្ទ​​នៅក្នុងបុរី​នានា​ទាំងអស់ដោយចៀសវាងប្រើប្រាស់សេវាទូរសព្ទ ឬអុីនធើណេតផ្តាច់មុខ បើផុតកំណត់នេះ​ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

Author Profile

Comments