យោងតាមរបាយការណ៍របស់ CBRE ការផ្គត់ផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញមានចំនួនប្រហែល១៥,០០០យូនីតនៅក្នុងឆ្នាំ២០១៨នេះ។ ចំនួននេះត្រូវបានគេសន្មតថានឹងកើនឡើងឱ្យទ្វេដង នៅក្នុងឆ្នាំ ២០១៩។ ប៉ុន្តែសួរថាតើខុនដូទាំងនេះមានអ្នកទិញដែរឬទេ? ឆ្លើយនឹងសំណួរនេះ អ្នកជំនាញ ៣ នាក់នៅក្នុងវិស័យនេះបានបង្ហាញពីទស្សនៈយល់ឃើញជុំវិញទីផ្សារខុនដូនៅកម្ពុជា។
លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE ប្រចាំកម្ពុជាបានឱ្យដឹងថាលោករំពឹងថានឹងមានការកែតម្រូវតម្លៃនៅក្នុងទីផ្សារខុនដូនៅឆ្នាំ ២០១៩ ។ លោកបានសំដៅដល់អំពីការផ្គត់ផ្គង់ដ៏ច្រើនសម្រាប់ខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ។
លោកបានលើកឡើងថា «អគារខុនដូដែលបញ្ចប់ថ្មីៗមានចំនួន២,២៣៤យូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបានជំរុញឱ្យការផ្គត់ផ្គង់សរុបកើនឡើង១៨,៩%ពីមួយត្រីមាសទៅមួយ ត្រីមាសក្នុងនោះ ៤០%គឺជាខុនដូកម្រិតធម្យម» ហើយលោកបន្ថែមថាខុនដូកម្រិតខ្ពស់ត្រូវបានរំពឹងថានឹងកើនដល់ ២៤៣%ក្នុងឆ្នាំ២០១៩។
ការកើនឡើងយ៉ាងច្រើនទាំងខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ អាចជំរុញឱ្យមានការ កែតម្រូវទីផ្សារនៃតម្លៃខុនដូនៅក្នុងត្រីមាសបន្តបន្ទាប់»។
លោក Joe Phalen ប្រធានផ្នែកសេវាហិរញ្ញវត្ថុនៅធនាគារHong Leong បានបញ្ជាក់ថា ទីផ្សារនៃការផ្គត់ផ្គង់ខុនដូនឹងមានច្រើនលើសតម្រូវការនៅពេលអនាគត។
លោក Phalen បាននិយាយថាធនាគារ Hong Leong មិនផ្តល់កម្ចីសម្រាប់ការទិញខុនដូនោះទេ ហើយ លោកបានបន្ថែមថាអ្នកក្នុងស្រុកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារបុរី។
អ្នកអភិវឌ្ឍន៍ [បុរី] ធំៗ បានលក់ដាច់គម្រោងរបស់ពួកគេស្ទើរតែទាំងអស់រួចទៅហើយ បន្ទាប់ពីបានដាក់លក់តែពីរបីសប្តាហ៍ប៉ុណ្ណោះគឺលក់ដាច់លឿនខ្លាំងណាស់។
ផ្ទូយពីលោក Phalen លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ERA ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូកម្ពុជាដោយលោកថាអ្នកទិញក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ជាអ្នកទិញខុនដូ។ លោកគង្គាបាននិយាយថាទោះបីជាអ្នកទិញក្នុងស្រុកមានមិនទាន់ច្រើនក៏ដោយ តែនិន្នាការខុនដូហាក់ទាក់ទាញមនុស្សជំនាន់ថ្មីបានច្រើន ចំណែកអ្នកទិញពីបរទេសវិញគឺជាទីផ្សារដ៏ធំសម្រាប់កម្ពុជា។
«ខ្ញុំគិតថាការនិយាយថាទីផ្សារខុនដូមានការផ្គត់ផ្គង់លើសតម្រូវការ គឺមិនត្រឹមត្រូវទេ។» លោកបានអះអាងថាតម្លៃខុនដូនៅកម្ពុជាទាបជាងតម្លៃខុនដូនៅក្នុងប្រទេស តំបន់អាស៊ី ដូចជាសិង្ហបុរី ថៃ និងវៀតណាមជាដើម។ ជាក់ស្តែងខុនដូ [គិតជាម៉ែត្រការ៉េ] នៅកម្ពុជាមានតម្លៃទាបជាងចិន ៧ ទៅ ៨ ដង ទាបជាងជប៉ុន និងកូរ៉េ ពី ៧ ទៅ១០ ដង និងទាបជាងសិង្ហបុរី ១០ ដង។»
លោកជឿថារាល់ការទិញខុនដូនៅកម្ពុជា វិនិយោគិនអាចទទួលបានផលចំណេញដ៏ច្រើន មិនថាឬការដាក់ជួលត្រលប់ ឬការលក់ចេញវិញនៅពេលអនាគត៕
ស្វែងរកខុនដូសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
Comments