ខេត្តសៀមរាប ៖ ក្រុងសៀមរាបដែលទើបតែស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗ ពេលនេះរដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងពិចារណាក្នុងការរៀបចំធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងឆ្លាតវៃគំរូក្នុងតំបន់អាស៊ានដែលប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃនាពេលខាងមុខ ។
តាមរយៈលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា រដ្ឋបាលខេត្តសៀមរាបបានដាក់សំណើទៅកាន់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយក្នុងនោះផងដែរ JICA ក៏បានទទួលសំណើ និងពិចារណាដើម្បីធ្វើការរៀបចំខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃនាពេលអនាគត ។
លោកអភិបាលរងខេត្តសៀមរាបក៏បានលើកឡើងផងដែរថា ប្រទេសជាតិបានជួបប្រទះនូវបញ្ហាជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានបាត់បង់ការងារស្ទើរទាំងស្រុកដោយសារការរងផលប៉ះពាល់លើវិស័យទេសចរណ៍ និងកសិកម្មព្រោះបញ្ហាកូវីដ១៩ ។
លោក ប្រាក់ សោភ័ណ ក៏បានឱ្យដឹងទៀតថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាបមានការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកធ្វើដំណើរកំសាន្តដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចរកចំណូលបានឡើងវិញ ។
គួររម្លឹកផងដែរថា កន្លងមកខេត្តសៀមរាបបានចុះអនុស្សរណៈជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្នុងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបប្រើទុនវិនិយោគសរុបប្រមាណ៩០លានដុល្លារ គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិតទឹកស្អាត៦០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ រួមជាមួយនឹងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប១៩៦គីឡូម៉ែត្រ ៕
អត្ថបទដោយ
Comments