+85561 777 090
Logo
ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ ២.៥ ពាន់លានដុល្លារ គិតត្រឹម ៩ ខែដើមឆ្នាំ​២០១៩
Updated on: May 31, 2022, 1:28 a.m.
Published on: November 8, 2019, 8:24 a.m.

ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ ២.៥ ពាន់លានដុល្លារ គិតត្រឹម ៩ ខែដើមឆ្នាំ​២០១៩


កិច្ចប្រជុំ

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់ជប៉ុនបាននោះឡើយ។ជាក់ស្តែង សម្រាប់ការវិនិយោគវិញ ត្រឹមខែកញ្ញា ឆ្នាំ២០១៩ ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។

ការលើកឡើងរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៧ ខែ វិច្ចិកា។

កិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា បានថ្លែងបន្តថា គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់ រវាងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែងរកដំណោះស្រាយ ដ៏សមស្របជូនអ្នកវិនិយោគជប៉ុន។

មិនតែប៉ុណ្ណោះ លោកថា នេះគឺជាកិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចចំនួន ៥ សំខាន់ទាក់ទងនឹងបរិយាកាសវិនិយោគ នៅកម្ពុជារួមមាន៖ (១) តម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី (២) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា (៤) សេវាឡូជីស្ទិក និងការបញ្ចេញទំនិញពីគយ និង (៥) អាករពិសេសលើទំនិញ និងសេវាមួយចំនួន។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើមដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ លោក ម៉ាសាហ៊ីរ៉ុ មីខាមី លោកឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា កន្លងមករដ្ឋាភិបាលកម្ពុជាតែងតែបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន។ 

លោកសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតជប៉ុនថ្មីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មី ឱ្យមកបណ្តាក់ទុនបន្ថែមទៀត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួកគេបាន និងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

គួររំឮកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments