ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន គណៈអភិបាល នៃអភិបាលខេត្តកំពតក្រោយទទួលបានដីកា បានបញ្ជាឱ្យរុះរើចេញជាបន្ទាន់នូវសំណង់ខុសច្បាប់ដែលបានសាងសង់នៅមាត់សមុទ្រ និងច្រាំងទន្លេនាខេត្តកំពត បើមិនសហការនឹងត្រូវបញ្ជូនទៅតុលាការ ។
តាមប្រភពលោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យដឹងថា ក្រោយពីមានការបំពានច្រាំងទន្លេ ពេលនេះអាជ្ញាធរបាននឹងកំពុងតែធ្វើការចុះរុះរើសំណង់ដែលខុសច្បាប់ទាំងនោះចេញ និងព្រមានដល់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្តបើមិនចង់ប្រឈមមុខនឹងការផាកពិន័យ និងអាចឈានដល់ការកាត់ទោសទេ ។
អាជ្ញាធរបានចាប់ផ្តើមរុះរើសំណង់ខុសច្បាប់នៅតាមមាត់ទន្លេ និងមាត់សមុទ្រ ដែលជាដីរបស់រដ្ឋ ហើយម្ចាស់ដែលកាន់កាប់ បើពួកគេមិនព្រមផ្លាស់ទីនឹងត្រូវកាត់ទោស ។ ហើយប្រជាពលរដ្ឋដែលសង់ខ្ទមនៅតាមមាត់ទន្លេក្នុងខេត្តត្រូវតែរុះរើចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងវិធានការ ។ នេះបើតាមការឱ្យដឹងរបស់លោកអភិបាលក្រុងកំពត ។
ដោយឡែក លោក អ៊ុក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធកំពុងតែចុះពិនិត្យឆ្នេរខេត្តដើម្បីកំណត់មុខសញ្ញាជនល្មើស ។ ប្រសិនបើអាជ្ញាធររកឃើញរចនាសម្ព័ន្ធនឹងត្រូវរុះរើភ្លាមៗ ។
ប្រធានមន្ទីរខេត្តកំពតបានបញ្ជាក់ថា ៖«អភិបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសោភ័ណភាពឆ្នេរ និងទន្លេក្នុងខេត្តកំពត ដើម្បីកុំឲ្យមានឧក្រិដ្ឋជនប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់» ៕
Comments