+85561 777 090
Logo
ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ
Updated on: May 29, 2022, 12:22 p.m.
Published on: January 12, 2022, 9:56 a.m.

ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ


គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត ក្នុងស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​កំពត​ដែល​ស្ថិត​ក្រោម​ហិរញ្ញប្បទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០​ភាគរយ​ហើយ ។​ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​នេះ​ជា​គម្រោង​មួយ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​ដូច​ជា​ខេត្តកំពត​ដែល​ជា​ទិស​ដៅ​តំបន់ឆ្នេរ​ផង​ដែរ ។

គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​បើ​តាម​ផែនការ​ដំបូង​គម្រោង​នេះ​ត្រូវ​បញ្ចប់​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកភាព​ឱ្យ​ពន្យារពេល​អនុវត្ត​គម្រោង​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែ​ការ​សាងសង់​ជាក់ស្តែង​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០២២ ។​

យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ស្តី​ពី​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) ឱ្យ​ដឹង​ថា កំពង់​ផែ​សមុទ្រ​នេះ​នឹង​ផ្តល់​សេវា​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​ចំនួន ៣៦០.០០០ នាក់​ក្នុង​១​ឆ្នាំ​នៅ​ពេល​បើក​ដំណើរការ ។

អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​លោក សុខ សុ​គុណ បានឱ្យ​ដឹង​ថា គម្រោង​នេះ​មានការ​យឺតយ៉ាវ​ខ្លះ​ដែល​បណ្តាល​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​បញ្ហា​អាកាសធាតុ ។ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​នឹង​ក្លាយជា​ច្រក​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​របស់​ប្រទេស​កម្ពុជា​ពី​ខេត្តកំពត​ទៅ​កាន់​ពិភពលោក ។

ម្យ៉ាងទៀត​កំពង់​ផែ​នេះ​ក៏​នឹង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ថែម​ទៀត ជា​ពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិស​ដៅ​តំបន់ឆ្នេរ​ផ្សេង​ៗ​ទៀត ។​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា ក្នុង​ខេត្តកំពត​មិន​ទាន់​មាន​ទេសចរណ៍​ផ្លូវទឹក​ទេ ដូច្នេះ​វត្តមាន​កំពង់​ផែ​នេះ​នឹង​ជួយ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ។ កំពង់​ផែ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជិតខាង​ឱ្យ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ។

សូមរម្លឹកផងដែរថា កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា ស្ថិត​ក្នុងស្រុក​ទឹកឈូ ដោយ​មាន​ចម្ងាយ​ប្រមាណ៦គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ។ កំពង់​ផែ​នេះ​មាន​ជម្រៅ​ទឹក ៤,៥ ម៉ែត្រ​ ដែល​មាន​តម្លៃ​ប្រមាណ១០លាន​ដុល្លារជា​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ៕

Comments