(រូបផ្លែធូរេន តំណាងឲ្យរង្វង់មូលក្នុងទីរួមខេត្តកំពត)
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទីក្រុងកំពតបានលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ពិសេសសំណង់អគារសល់តាំងពីសម័យអាណានិគមបារាំង ដែលត្រូវតែអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌មួយនេះ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ ទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនទៀត។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ អមជាមួយពិធីប្រគល់ប័ណ្ណសរសើរ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តកំពត ។
នាឱកាសនោះ លោក ថោង ខុន បានលើកឡើងថា ក្រុងកំពតគួរត្រូវបានរៀបចំ និងអភិវឌ្ឍជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌។ លោកថា ក្រៅអំពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្ត ទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើម គឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើន ពិសេសសំណង់អគារដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំង ដូចជា៖ អគាររដ្ឋបាលខេត្ត តំបន់ផ្សារក្រណាត់ចាស់ និងសំណង់អគារតាមបណ្តោយព្រែកកំពត។
ហេតុនេះឯកឧត្តមបានចាត់ទុកថា ទីកន្លែងទាំងនេះ គឺជាភាពទាក់ទាញពិសេសរបស់ក្រុងកំពត ដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទាំងការថែទាំ និងការអភិវឌ្ឍកែច្នៃបន្ថែម។
រដ្ឋមន្ត្រីរូបនេះក៏បានស្នើឲ្យអាជ្ងាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋបន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ព្រោះឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ក្រោយពីត្រូវបានអនុម័តជាផ្លូវការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសកលលោក កាលពីឆ្នាំ២០១១។
ក្រៅពីនេះលោកក៏បានជំរុញបន្ថែម ត្រូវខិតខំបន្តកែច្នៃនិងបង្កើនគុណភាពផលិតផល ទេសចរណ៍ក្នុងខេត្តកំពតឱ្យកាន់តែមានភាពទាក់ទាញ និងបន្តពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបំពេញក្នុងគោលដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតនាពេលដ៏ខ្លីខាងមុខ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកំពតថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments