ប្រជាពលរដ្ឋដែលធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រង់ចំណុចប្រវែង២០គីឡូម៉ែត្រដែលមានសភាពខូចខាតជាទម្ងន់ មានជង្ហុកដក់ទឹកធំៗ ដែលពិបាកក្នុងការធ្វើដំណើរទៅមក ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋជាច្រើនបានស្នើរសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយធ្វើការជួសជុលកែលម្អឡើងវិញដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបាននូវបញ្ហាផ្លូវកំពត-វាលរេញនេះហើយ ដោយក្រសួងមិនមែនឃើញហើយមិនជួសជុលនោះទេ ។ ក្រសួងបានសិក្សារួចរាល់អស់ហើយ ប៉ុន្តែនៅឡើយមិនទាន់មានថវិការ ដោយសារតែមិត្តចិនមិនទាន់អនុម័តថវិកាដោយអាចពន្យាពេលដល់ឆ្នាំ២០២៣-២០២៤ ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហានេះវាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយក្រសួងក៏សុំធ្វើការអភ័យទោសពីបងប្អូនប្រជាពលរដ្ឋផងដែរ ។
ទាក់ទងនឹងស្ថានភាពផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរលើការស្តារឡើងវិញ និងថែទាំ ជាពិសេសប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមជាង៤៥គីឡូម៉ែត្ររវាងកំពត-វាលរេញ ។ បើតាមក្រសួងផ្លូវនេះស្ថិតនៅតំបន់ភូមិសាស្ត្រទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវកំពត-វាលរេញនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់ផ្លូវខ្លះមានដីស្អុយជម្រៅដល់ទៅ១៨ម៉ែត្រចុះក្រោម ដែលតម្រូវឱ្យក្រសួងធ្វើការកសាងគ្រឹះក្រោមដី ។ ជាបណ្តោះអាសន្នក្រសួងបានស្នើដល់ក្រុមហ៊ុនចិន CRBC ជួយកិនបង្ហាប់ដីដើម្បីសម្រួលដល់ចរាចរមួយរយៈពេលខ្លីនសិន ដោយក្រសួងមិនចង់ចំណាយប្រាក់១ឬ២លានដុល្លារជួសជុលបណ្តោះអាសន្នតែមិនជាប់ធន់នោះទេ និងរងចាំការអនុម័តថវិការពីមិត្តចិនដើម្បីយើងអាចជួសជុលតាមបច្ចេកទេសជាប់បានយូរតែម្តង ។ ដូច្នេះខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ ។
សូមបញ្ជាក់ផងដែរថា តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការជួសជុលផ្លូវកំពត-វាលរេញនេះគ្រោងចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួចហើយពេលនេះនៅរង់ចាំចម្លើយតែប៉ុណ្ណោះ ៕
Comments