ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំស្តីពី ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយតម្រូវឱ្យផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មមួយចំនួននាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។
តាមរយៈសារាចរណែនាំរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នយោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលព្រះទីវង្គតកាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹក(ម៉ោងនៅប្រទេសបារាំង) ត្រូវនឹងម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនូវលិខិតលេខ ០៦ សរណន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ។
ក្នុងនោះផងដែរ តាមរយៈសារាចរណែនាំរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ផងដែរថា គ្រប់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខាងរ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្សាកសកម្មភាពអាជីវកម្មរបស់ខ្លួនរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ មិនតែប៉ុណ្ណោះ គ្រប់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ៨ ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ រដ្ឋ ឯកជន និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ទាំងអស់ វត្តអារាមនានា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ។ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងរបស់ខ្លួន និងចាក់ផ្សាយនូវទិដ្ឋភាពប្លែកៗ ដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ៕
Comments