ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានពីព្រំដែនកម្ពុជា-វៀតណាមឡើយ ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា ហើយឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និងគ្រួសខ្មៅៗ ។
ស្របពេលដែលខេត្តកែប និងខេត្តកំពតកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ដែលគ្រោងដាក់ឱ្យដំណើរការសម្រាប់វិស័យទេសចរណ៍របស់ខេត្ត ថ្មីៗនេះអាជ្ញាធរកម្ពុជា-វៀតណាមកំពុងតែពិភាក្សាលើការតភ្ជាប់ខេត្តកេបជាមួយនឹងកោះត្រល់ ប្រទេសវៀតណាម ។
បើតាមការចេញផ្សាយដោយ TTG មន្ត្រីនៃភាគីទាំង២កំពុងពិភាក្សាលើការតភ្ជាប់ខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមដោយប្រើទូកល្បឿនលឿនដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរកំសាន្តរវាងប្រទេសទាំងពីរ ។
“ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ” ។ នេះបើយោងតាមប្រសាសន៍របស់លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC ។
លោកបន្តថា “វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាមទៅលេងកន្លែងនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង” ។
ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និង រមណីយដ្ឋាន ជាច្រើន ៕
Comments