ខេត្តកែប ៖ រដ្ឋបាលខេត្តកែបនឹងអនុវត្តន៍វិធានការរដ្ឋបាលចំពោះប្រជាពលរដ្ឋណាដែលចចេសរឹងរូសធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្តលើគម្រោងអភិវឌ្ឍន៍ផ្លូវរដ្ឋប្របមាត់សមុទ្រដែលមានប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីចំណុចផែកោះទន្សាយតាមមាត់សមុទ្រកាត់ឆ្នេរអង្កោលភ្ជាប់ទៅផ្លូវជាតិលេខ ១.៣៣២ ក្រោមមូលនិធិរបស់ ADB ចំណាយថវិការប្រមាណ ១០,៥លានដុល្លារ ។ នេះបើតាមយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងតំណាង ADB កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។
អភិបាលរងខេត្តកែប លោក វ៉ៅ សុខា បានលើកឡើងថា គម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រខាងលើរបស់រដ្ឋបាលខេត្តកែប កំពុងតែជួបបញ្ហាបន្តិចបន្តួចដោយមានពលរដ្ឋដែលជាអាជីវករម្នាក់បានយកខ្យូស និងថ្មទៅដាក់នៅចំណុចនោះដោយសំអាងថា ជាដីរបស់ខ្លួន ។ ប៉ុន្តែចំណុចខាងលើដែលសម្រាប់ស្ថាបនាផ្លូវជាដីរបស់រដ្ឋដោយគ្មានឯកសារផ្លូវច្បាប់ណាចេញជូនគាត់ឡើយ ហើយរឹតតែមិនមែនជាកម្មសិទ្ធិរបស់គាត់ទៅទៀត ព្រោះគាត់មិនបានអាស្រ័យផលអ្វីជាក់ស្តែងនោះទេ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា លោកនឹងស្នើសុំគោលការណ៍ពីលោកអភិបាលខេត្តដើម្បីចាត់វិធានការ ប្រសិនបើពលរដ្ឋដែលអះអាងថាដីនោះជារបស់ខ្លួននៅតែរឹងរូសធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍគម្រោងស្ថាបនាផ្លូវប្រប់មាត់សមុទ្ររបស់រដ្ឋមួយនេះ ។
បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវប្រប់មាត់សមុទ្រនេះដំណើរការបានជាង១០%ប៉ុណ្ណោះ ហើយទង្វើរដែលពលរដ្ឋយកខ្ចុស និងថ្មដាក់នៅទីតាំងស្ថាបនាផ្លូវនោះបានធ្វើឱ្យការប៉ះពាល់ដល់ការស្ថាបនា ។ លោកស្នើឱ្យគ្រប់ភាគីដែលពាក់ព័ន្ធជួបគ្នាដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យបានឆាប់តាមដែលអាវធ្វើទៅបាន ដើម្បីអាចឱ្យការស្ថាបនាសម្រេចតាមការគ្រោងទុក ។ នេះបើតាមការឱ្យដឹងពីលោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB ។
អ្នកស្រី ម៉ៅ ញីប ជាអាជីវករដែលបានយកខ្យូស និងថ្មទៅដាក់ទីតាំងស្ថាបនាផ្លូវប្រប់មាត់សមុទ្រនោះបានឱ្យដឹងថា ដីនោះអ្នកស្រីបានធ្វើការបរិច្ចាគឱ្យអាជ្ញាធរខេត្តកែបដើម្បីធ្វើការស្ថាបនាគម្រោងផ្លូវប្រប់មាត់សមុទ្រដោយមិនទាមទារសំណងអ្វីនោះទេ ។ ហើយមូលហេតុដែលអ្នកស្រីយកខ្យូស និងថ្មទៅដាក់នោះគឺដាក់ចំពីលើដីរបស់អ្នកស្រីតែប៉ុណ្ណោះ ដោយសារតែការអនុវត្តស្ថាបនាគម្រោងផ្លូវប្រប់មាត់សមុទ្រនោះមិនដូចអ្វីដែលអ្នក និងអភិបាលខេត្តកែបលោក សោម ពិសិដ្ឋ បានព្រមព្រៀងគ្នានោះឡើយ ។ អ្នកស្រីមានឯកសារគ្រប់គ្រាន់ក្នុងការកាន់កាប់ដីត្រង់នោះ ប្រសិនបើអាជ្ញាធរចាត់ចែងស្ថាបនាមិនដូចនូវអ្វីដែលបានព្រមព្រៀងគ្នាទេនោះ អ្នកស្រីនឹងយកដីនោះត្រលប់មកវិញ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រនេះ ជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់គ្នារវាងតំបន់ប៉ូលទេសចរណ៍ចំនួនពីរ គឺប៉ូលទេសចរណ៍តំបន់ឆ្នេរកែបចាស់ និងប៉ូលទេសចរណ៍តំបន់អង្កោល ដោយថវិកាបានមកពីកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ ៕
Comments