+85561 777 090
Logo
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
Updated on: June 4, 2022, 12:34 a.m.
Published on: November 3, 2020, 6:48 a.m.

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក


នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់​ស្ទឹង​ព្រែកត្នោត​កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ។

គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។
ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីសម្អាត ភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។

ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

Comments