+85561 777 090
Logo
ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ
Updated on: May 9, 2023, 7:57 a.m.
Published on: May 9, 2023, 7:50 a.m.

ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ


រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTIC AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរ អេនជីនារីងខមភេនី អិលធីឌី (CHINA HARBOUR ENGINEERING COMPANY LTD) ដែលក្នុងកម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន និងក្រុមការងារនៃក្រុមហ៊ុនជាហត្ថលេខីទាំងពីរ ជាច្រើនរូបផងដែរ ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

កំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ មានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិកតា និងត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ ។ កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០តោន ដល់ ១០០ ០០០តោន អាចចូលសំចតបាន ។

ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ ៕

Comments